Louis van Gaal អ្នកចាត់ការក្រុមជម្រើសជាតិហូឡង់ បានបង្ហាញការកោតសរសើរដល់សមត្ថភាពរបស់យុវជននៃក្លឹប Arsenal ហើយប្រសិនជាអាចយកគេ ឲ្យប្តូរពីសញ្ជាតិដើម មកចូលរួមនៅហូឡង់បានគឺ ពិតជាល្អ។
នោះគឺកីឡាករន័រវេស Martin Odegaard ដែលហូឡង់ទើបតែយកជ័យជម្នះទៅលើន័រវេស ហើយធានាកៅអីឆ្ពោះទៅកាន់ការប្រកួតផ្លូវការ World Cup 2022 ក្នុងប្រទេសកាតា។ ស្របពេលដែលន័រវេស គឺអស់ឱកាសហើយ ក្រោយឈរលេខ ៣ ក្នុងពូល មិនមានសូម្បីសង្ឃឹមចុងក្រោយនៅវគ្គ Play-off។
សួរនាំពី TV2 ស្រាប់តែលោក Van Gaal ឆ្លើយ៖ "បើអាចរើសបាន ខ្ញុំរើសយក Odegaard ដែលគេជាកីឡាករពោរពេញ ដោយភាពច្នៃប្រឌិត និងបញ្ជូនបាល់ស្អាតណាស់ ហើយគេអាចលេងបាល់គ្រប់កន្លែងដែលគេចង់លេងលើទីលាន ដូច្នេះគេជាកីឡាករដែលលេងជាក្រុមដ៏ល្អម្នាក់ និយាយទៅគឺពិតជាល្អខ្លាំង"។
គួររំឭកថា ខ្សែបម្រើប្រយុទ្ធខាងលើ កន្លងទៅត្រូវបានក្លឹប Real Madrid លក់ពេញថ្លៃ ៣៥ លានអឺរ៉ូ មកឲ្យក្លឹប Arsenal។ ស្ថិតិនៅរដូវកាលថ្មី ២០២១/២២ Odegaard បង្ហាញខ្លួនសរុប ១០ ប្រកួត រកបាន ១ គ្រាប់និង Assist ១ លើក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក