ខ្សែបម្រើ Donny van de Beek លឺដំណឹងថា នឹងចាកចេញពីក្លឹប Man Utd ត្រឹមខែមករាខាងមុខនេះហើយ ពោលនឹងមិនបន្តនៅទៀតឡើយ បន្ទាប់ពីអ្នកចាត់ការលោក Ole Gunnar Solskjaer ហាក់មិនផ្តល់ឱកាសសម្រាប់គេទាល់តែសោះ។
កីឡាករហូឡង់ បើទោះបីសល់សុពលភាពកុងត្រាដល់ចុងខែមិថុនា ឆ្នាំ ២០២៥ តែគេគិតថាពេលវេលាខាងមុខនេះ ការសម្រេចចិត្តចាកចេញគឺជាជម្រើសល្អ បន្ទាប់ពីឈរជើងជាងមួយឆ្នាំ ទើបតែបង្ហាញខ្លួនបាន ៤១ ប្រកួត រកបាន ១ គ្រាប់និង Assist ២ លើក។
យ៉ាងណាបើតាមសារព័ត៌មាន TheSun ចុះផ្សាយថា ក្លឹបរួមលីគ Wolves ក៏បានចាប់អារម្មណ៍លើខ្សែបម្រើ United ខាងលើផងដែរ ពោលគឺបើកដៃស្វាគមន៍ជានិច្ច ប្រសិនគេមានបំណងចង់បន្តការឈរជើងនៅលីគ Premier League។ ជាងនេះក៏លឺថាក្លឹប Wolves នឹងធានាពីពេលវេលាអាចចូលលេងជាប់លាប់សម្រាប់គេផងដែរ។
គួររំឭកថា United បានទិញ Van de Beek ពី Ajax នៅដើមខែកញ្ញា ឆ្នាំ ២០២០ ក្នុងតម្លៃ ៣៩ លានអឺរ៉ូ។ យ៉ាងណាបើតាមហាងឆេងថ្លៃខ្លួនបច្ចុប្បន្ន សម្រាប់បុរសវ័យ ២៤ ឆ្នាំ គឺថ្លៃតែល្បាក់ ២៥ លានអឺរ៉ូប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក