ក្លឹបកាំភ្លើងធំ Arsenal នៅទីផ្សារដោះដូររដូវរងាខាងមុខ ទំនងជានឹងសកម្មច្រើន ជាពិសេសការផ្ទេរចេញកីឡាករ ព្រោះរយៈពេលចុងក្រោយ ក្លឹបហាក់មានកីឡាករគរជើងច្រើន និងខ្លះគឺមិនសូវត្រូវបានអ្នកចាត់ការប្រើប្រាស់ផងនោះ។
ក្រោមការដឹកនាំរបស់លោក Mikel Arteta ក្លឹបក៏បានរៀបចំផែនការណ៍ត្រៀមលក់ចេញកីឡាករមួយចំនួន ដែលខ្លះក៏ត្រៀមនឹងផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២២ ទៅហើយ អ៊ីចឹងបើលក់ត្រឹមខែមករា នឹងបានលុយមួយចំនួនចូលក្លឹបខ្លះ ជាជាងទុកចោលដល់អស់តម្លៃខ្លួន។
បើតាមសារព័ត៌មាន Football.london ចុះផ្សាយថា អ្នកទាំង ៦ នោះរួមមានដូចជា Alexandre Lacazette, Bernd Leno ដែលអ្នកទាំងពីរជាកីឡាករធំៗ ក្លឹបគិតថា ការលក់ចេញ ល្អជាងការបន្តរក្សាទុក។
៤ រូបផ្សេងទៀត រួមមានយុវជន Eddie Nketiah, Sead Kolasinac, Mohamed Elneny និង Folarin Balogun ដែលភាគច្រើនពួកគេត្រៀមផុតកុងត្រា លើកលែងតែអ្នកចាំទី Leno ត្រូវផុតនៅឆ្នាំ ២០២៣។ បើអាចលក់ចេញអ្នកទាំង ៦ ដូចការគ្រោងទុក នោះក្លឹបក៏អាចកើបលុយចូលមកវិញ ល្បាក់ ៧០ លានអឺរ៉ូឡើងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក