នៅជំនួបដែលម្ចាស់ផ្ទះអៀរឡង់ ស្វាគមន៍ក្រុមភ្ញៀវព័រទុយហ្គាល់ ដ្បិតបើបញ្ចប់ក្រោមលទ្ធផល ០-០ តែនៅសល់ទស្សនីយភាពគួរឲ្យចងចាំមួយ រវាងអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ និងកំពូលកីឡាករ Cristiano Ronaldo ក្រោយពីចប់ការប្រកួត។
នោះគឺមានក្មេងស្រីតូច ដែលត្រូវបានគេស្គាល់ថាមានឈ្មោះ Addison Whelan អាយុ ១៣ ឆ្នាំ បានរត់ចូលមកក្នុងទីលាន ដើម្បីទៅសុំអាវ Cristiano Ronaldo។ ក្តីស្រមៃរបស់នាង បានក្លាយជាការពិត ដ្បិតបើមានការព្យាយាមរាំងស្ទះពីសំណាក់សន្តិសុខនៅកីឡដ្ឋាន តែដោយសារទំហំចិត្តគួរឲ្យគោរព របស់ CR7 ដែលព្រមអនុញ្ញាតឲ្យសន្តិសុខ បើកផ្លូវឲ្យនាងចូលមកជួបខ្លួន។
ក្មេងស្រីតូច ដែលជាយុវនារីនៅឈុតថ្នាលនៃក្លឹបបាល់ទាត់ក្នុងប្រទេសអៀរឡង់មួយដែរនោះ បាននិយាយប្រាប់ប៉ុស្តិ៍ទូរទស្សន៍មួយបែបនេះថា៖ "ដំបូងឡើយខ្ញុំបានហក់ឆ្លងចូលទៅក្នុងទីលាន ហើយរត់សំដៅយ៉ាងលឿន គេចពីសន្តិសុខមកគ្រប់ជ្រុងតាមចាប់ខ្ញុំ ខ្ញុំមានតែបន្ថែមល្បឿន លុះដល់ពេលពួកគេចាប់ខ្ញុំបាន ខ្ញុំក៏ស្រែកឈ្មោះ Ronaldo"។
នាងបន្តថា៖ "ពេលនោះ Ronaldo គាត់បែរមកខ្ញុំ គាត់បានឃើញខ្ញុំ ហើយប្រាប់ទៅសន្តិសុខឲ្យបើកផ្លូវឲ្យខ្ញុំ រួចគាត់ក៏ដើរមករកខ្ញុំ ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំង ខ្ញុំយំ ខ្ញុំនិយាយទៅគាត់ថា ខ្ញុំអាចសុំអាវរបស់ពូបានទេ ខ្ញុំជាអ្នកគាំទ្រដ៏ធំមួយរបស់ពូ ក៏ស្រាប់តែ Ronaldo គាត់និយាយពាក្យមកខ្ញុំវិញ [សួរនាំពីស្ថានភាពក្រោយឃើញយំ] តើក្មួយតូចឯងមិនអីទេហី"។ គួរបញ្ជាក់ថា ក្មេងស្រីសញ្ជាតិអៀរឡង់ខាងលើក៏ត្រូវរងការពិន័យលុយជាង ៣ ៥០០ ដុល្លារផងដែរ ជុំវិញសកម្មភាពល្មើសនឹងច្បាប់បាល់ទាត់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក