ការប្រកួតរវាង Man Utd និង Man City កាលពីពេលកន្លងទៅ បានបញ្ចប់ក្រោមលទ្ធផល ០-២ នៅទឹកដី Old Trafford ដែលវាជាប្រកួតនាំឲ្យអ្នកគាំទ្ររិះគន់ទៅលើចំណាត់ការរបស់ Ole Gunnar Solskjaer ខ្លាំងបំផុត ហើយក៏ប៊ិះតែនឹងអស់តំណែងក្រោយប្រកួតនោះផងដែរ។
យ៉ាងណាតាមការបញ្ជាក់ថ្មីៗនេះ ពីខ្សែបម្រើ Kevin de Bruyne បាននិយាយថា ជាទូទៅមុនការប្រកួតប៉ះក្រុមណាមួយ គឺ City តែងមកប្រមូលផ្តុំគ្នាហ្វឹកហាត់ពីបច្ចេកទេសផ្សេងៗ ដោយការហ្វឹកហាត់ក៏មានបែបបទខុសៗគ្នា ស៊ីសងទៅលើការវិភាគលើរបៀបនៃលេងនៃក្រុមគូប្រជែង។ តែយ៉ាងណាប៉ះ United កន្លងទៅ City ចាយពេលតែ ១០ នាទីប៉ុណ្ណោះ លើការហ្វឹកហាត់បច្ចេកទេស។
ប្រាប់នៅកម្មវិធី MidMid កីឡាករសញ្ជាតិបែលហ្សិកនិយាយ៖ "ថ្ងៃមុនការប្រកួត [ទល់ United] យើងតែងតែមានការហ្វឹកហាត់បច្ចេកទេស ដោយផ្អែកលើទម្រង់លេងរបស់ក្រុមគូប្រជែង តែមុនថ្ងៃនោះ គឺ Pep និយាយថា យើងមិនដឹងថាពួកគេនឹងលេងរបៀបណាទេ អ៊ីចឹងមានតែចាំមើលហើយ បន្ទាប់មកក្រុមក៏បញ្ឈប់ការហ្វឹកហាត់ ក្រោយរយៈពេល ១០ នាទី"។
De Bruyne សង្កត់ធ្ងន់ថា៖ "ជាធម្មតា Pep តែងតែដឹងពីរបៀបលេងរបស់ក្រុមគូប្រជែង ថាពួកគេនឹងលេងរបៀបណា តែសារនេះប៉ះ United គាត់អត់ដឹងទេ គាត់អត់ដឹងថាក្រុមត្រូវធ្វើបែបណាឡើយ ដូច្នេះមានតែធ្វើដូចការប្រកួតសព្វមួយដង ជារួមគឺមិនដឹងមុនទាល់តែសោះ ថាពួកគេអាចលេងការពារ ៥ ៤ ឬ ៣ នាក់ឬបែបណា"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក