មានចចាមអារ៉ាមកាន់តែក្តៅគគុក ពាក់ព័ន្ធនឹងតំណែងរបស់អ្នកចាត់ការលោក Ole Gunnar Solskjaer នៅក្លឹបបិសាចក្រហម Man Utd ដោយលឺថា លោកអាចជាត្រូវបានជំនួសដោយគ្រូថ្មី គឺ Brendan Rodgers ដែលបច្ចុប្បន្នជាគ្រូនៅក្លឹប Leicester City។
យ៉ាងណាការផ្លាស់គ្រូថ្មី យើងមិនដឹងថាអាចនឹងសម្រេចទៅបាននៅមុនចប់ International Break ឬបែបណាទេ តែបើតាមរបាយការណ៍ពី Sportsmole ចុះផ្សាយថា លោក Rodgers ពិតណាស់ នឹងសុំឲ្យ United អនុញ្ញាតឲ្យខ្លួននាំយកកូនក្រុមនៅទ្រនំកញ្រ្ជោងខៀវ ៣ រូបទៅជាមួយ ដើម្បីធ្វើការពង្រឹងប្រព័ន្ធលេង។
នោះគឺរួមមានខ្សែការពារ Caglar Soyuncu ដែល Rodgers ជឿថា អាចមកបំពេញចន្លោះប្រហោង របស់ United បាន ដ្បិតបើក្នុងក្រុមមាន Raphael Varane, Harry Maguire និង Victor Lindelof នៅតំបន់ការពារកណ្តាលហើយក៏ដោយ តែដូចជាមិនសូវមានប្រសិទ្ធភាពទាល់តែសោះ។
មួយផ្សេងទៀតគឺខ្សែបម្រើការពារ Wilfred Ndidi ដែលនៅជាប់កុងត្រាជាមួយ Leicester ដល់ឆ្នាំ ២០២៤។ តែក្រោយការផ្ទេរចេញពី Genk សម្រាប់យុវជនវ័យ ២៤ ឆ្នាំ គឺរមែងទទួលបានការផ្តល់ឱកាសជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់ Rodgers។
ចុងក្រោយគឺ Youri Tielemans ជាកីឡាករលេងតំណែងបម្រើ ដោយត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២៣ ហើយក្លឹបក៏ព្យាយាមចង់ចរចាការបន្តកុងត្រាថ្មីជាមួយគេដែរ តែកីឡាករមិនទាន់ព្រមព្រៀងនៅឡើយ ដូច្នេះបើ United ត្រូវការ យកមកបំពេញចិត្តគ្រូថ្មី Rodgers មែននោះ គឺទំនងជាមិនត្រូវចំណាយច្រើនឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក