អ្នកចាត់ការលោក Mauricio Pochettino មុននឹងមកដឹកនាំក្លឹប Paris Saint-Germain កាលពីអតីតកាល លោកក៏ធ្លាប់ជាអ្នកចាត់ការនៅក្លឹប Tottenham Hotspur ហើយធ្លាប់ជួយក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ UCL ផងដែរ។
កន្លងទៅនេះ Pochettino បានធ្វើការប្រៀបធៀបពីចំណុចខុសគ្នានៃលីគកំពូលអង់គ្លេសនិងបារាំង ហើយថាមានចំណុចមួយ ដែល Ligue 1 ខ្លាំងជាង Premier League នោះគឺការប្រជែងផ្នែកកាយសម្បទារបស់កីឡាករ កំឡុងការប្រកួត។
គ្រូសញ្ជាតិអាហ្សង់ទីននិយាយកន្លងទៅនេះថា៖ "ការចាប់អារម្មណ៍ដំបូងរបស់ខ្ញុំទៅ Ligue 1 គឺនេះជាលីគពោរពេញដោយភាពស្មុគស្មាញ ព្រោះអីសុទ្ធតែក្រុមមានគុណភាពនៅទីនេះ ហើយខ្ញុំគិតថា នេះជាលីគដែលមានការប្រជែងកាយសម្បទាខ្លាំងជាងគេបំផុតក្នុងលោក"។
លោកបន្ត៖ "នៅទីនេះក៏មានគ្រូបង្វឹកល្អៗច្រើនដែរ ហើយរៀងរាល់ការប្រកួតយើងឃើញគ្រប់ក្រុមពោរពេញដោយគុណភាព ពួកគេមានសមត្ថភាពអាចយកឈ្នះការប្រកួត ដោយមិនបោះបង់ងាយៗឡើយ ដូច្នេះខ្ញុំគិតថានេះជាលីគដ៏ល្អមួយ តែខ្ញុំក៏មិនបាននិយាយថា វាល្អជាង Premier League នោះដែរ តែបើនិយាយពីរបៀបក្នុងការប្រកួត គឺផ្នែកកាយសម្បទារបស់កីឡាករគឺមានការប្រកួតប្រជែងជាងនៅ PL"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក