គេថា "លាភ ឬគ្រោះ កើតព្រោះតែមាត់" ប្រាកដណាស់ ពាក្យសម្ដីរបស់មនុស្សយើងម្នាក់ៗ ក៏អាចបញ្ជាក់ និងកំណត់លើជោគវាសនា និងអនាគតរបស់អ្នកបានដែរ ដូច្នេះ មុននឹងនិយាយស្ដីអ្វីមួយ ត្រូវតែគិតគូរឱ្យបានមត់ចត់ កុំនិយាយធ្វើឱ្យមានបញ្ហាឱ្យសោះ។
មនុស្សឆ្លាតវ័យ រមែងដឹងពីអ្វីដែលគួរនិយាយ អ្វីដែលមិនគួរនិយាយ អ្វីដែលសំខាន់ គឺដឹងពីកាលៈទេសៈ និងស្ថានភាពដែលគួរតែនិយាយ។ ចំណុចសំខាន់បំផុត ៣ចំណុចខាងក្រោមនេះ គឺច្បាស់ណាស់ថា មនុស្សឆ្លាត ដាច់ខាតមិននិយាយចេញមកជាដាច់ខាត។
១. មិនរអ៊ូ ត្អូញត្អែរពីជីវិត
ជីវិតរបស់មនុស្សម្នាក់ៗ មិនអាចត្រូវបានគេរំពឹងថានឹងធ្វើដំណើរដោយរលូននោះទេ ប៉ុន្តែមិនតែងតែរអាក់រអួល វេទនារហូតនោះឡើយ “ទន្លេក៏មានផ្លូវកោង” ការលំបាកនិងឧបសគ្គគឺចផៀសមិនរួចនោះទេ។
ផ្ទុយទៅវិញ នៅពេលប្រឈមមុខនឹងការបរាជ័យ និងការលំបាក មានមនុស្សជាច្រើនដែលគ្រាន់តែត្អូញត្អែរពីសំណាងអាក្រក់របស់ខ្លួន បន្ទោសអយុត្តិធម៌សង្គម និងអ្វីៗដែលនៅជុំវិញខ្លួន។ ពួកគេមិនយល់ថា “នៅពេលដែលទ្វារមួយបិទ ទ្វារមួយទៀតបើក” ដឹងតែបន្ទោសព្រហ្មលិខិត បន្ទោសទេវតា តែមិនដែលបន្ទោសបញ្ហាដោយខ្លួនឯងទេ មនុស្សបែបនេះ ត្រូវបានកំណត់ឱ្យជួបប្រទះនឹងការលំបាក ហើយជីវិតមិនអាចសម្រាក និងរីករាយបានឡើយ។
២. មិនចំណាយពេលនិយាយដើមគេឡើយ
មនុស្សមួយចំនួនធំ ចូលចិត្តចំណាយពេល មិនថាទំនេរ ឬរវល់ តែងតែចូលចិត្តនិយាយអាក្រក់ពីអ្នកដទៃ និយាយដើមគេពីក្រោយខ្នង ពូកែតែវិភាគរឿងអត់ប្រយោជន៍ ទម្លាប់បែបនេះ នឹងធ្វើឱ្យកើតមានបញ្ហា និងគ្រោះដល់ខ្លួនឯងជាញឹកញយ។
សម្រាប់មនុស្សដែលឆ្លាត និងមានអនាគតល្អ ពួកគេច្រើនតែមិនដែលខ្វល់ពីការនិយាយដើមគេឡើយ ព្រោះពួកគេរវល់តែសម្លឹងមើលបញ្ហាដែលនៅីចំពោះមុខពួកគេ រវល់តែដោះស្រាយបញ្ហា និងការអភិវឌ្ឍន៍ កែប្រែខ្លួនឯងតែប៉ុណ្ណោះ ដូច្នេះ ពួកគេនឹងមិនមានពេល ឬចំណាយពេលអត់ប្រយោជន៍ ទៅខ្វល់ការនិយាយដើមអ្នកដទៃនោះឡើយ។
៣. មិននិយាយស្ដីពាក្យក្រអើត ក្រទម
មនុស្សខ្លាំង ពូកែ មានសមត្ថភាពឬអត់ មិនសម្ដៅលើការនិយាយស្ដី ក្រអើតក្រទម អួតអ្នកដទៃនោះឡើយ សំខាន់នោះគឺ តើគេជាមនុស្សសុភាពរាបសារ ឬសាមញ្ញប៉ុនណា?
ផ្ទុយទៅវិញមនុស្សម្នាក់ដែលក្រអឺតក្រទម តម្លើងឫក អួតសម្ញែង ទោះបីអ្នកជាមនុស្សខ្លាំង ឆ្លាតប៉ុនណា ក៏គ្មានអ្នកណាស្រឡាញ់ ចូលចិត្ត ឬគោរពដែរ ដូច្នេះ ដូចពាក្យគេថា មនុស្សរៀនបានខ្ពស់ប៉ុនណា តែបើឈ្លើយ ក្រអើតក្រទម ក៏គ្មានអ្នកណាគោរពដែរ។
ដូច្នេះ មនុស្សឆ្លាតពូកែ គេមិនអួតសម្ញែង តម្លើងឫក ក្រអើតក្រទមចំពោះនរណាម្នាក់នោះឡើយ មនុស្សកាន់តែឆ្លាត កាន់តែចេះដាក់ខ្លួន កាន់តែថ្លៃថ្នូរ ការរស់នៅ និងរបៀបរបបនៃជីវិតរបស់គេ ក៏កាន់តែសាមញ្ញផងដែរ។
៤. មិននិយាយស្ដីពេលខឹងនោះឡើយ
មនុស្សឆ្លាត ដាច់ខាតមិនបង្កគ្រោះឱ្យខ្លួនឯង ព្រោះតែពាក្យសម្ដីជាដាច់ខាត ជាពិសេស នៅពេលដែលខឹង គេនឹងមិននិយាយស្ដីចេញមកទាំងកម្រោល ដែលនាំឱ្យមានពាក្យឃោឃៅ ទៅបំផ្លាញអារម្មណ៍របស់អ្នកក្បែរខ្លួនគេឡើយ។
មនុស្សដែលចេះគ្រប់គ្រងលើមាត់របស់ខ្លួនឯង មនុស្សដែលដឹងពីកាលៈទេសៈ គេនឹងគ្រប់គ្រងលើពាក្យសម្ដីដែលនិយាយចេញទៅ ដូច្នេះ ពួកគេក៏អាចចៀសផុតពីគ្រោះទាំងឡាយបានយ៉ាងងាយ។ មនុស្សឆ្លាត ចេះគ្រប់គ្រងមាត់ ប្រាកដជាមានលាភសំណាងចូលមករកគេច្រើន៕
អត្ថបទ ៖ knongsrok / ប្រភព បរទេស