Rio Ferdinand អតីតកីឡាករក្លឹបបិសាចក្រហម Man Utd និងជាអ្នកវិភាគលើប៉ុស្តិ៍កម្មវិធីមួយ បាននិយាយកាលពីដើមរដូវកាលដំបូងថាក្លឹបតោខៀវ Chelsea គឺសង្ឃឹមខ្ពស់ជាងក្លឹបណាទាំងអស់ នឹងអាចលើកពានរង្វាន់ Premier League នៅរដូវកាលនេះ។
យ៉ាងណាក្រោយឆ្លងកាត់ជុំទី ៧ លោក Ferdinand ក៏បានបង្ហាញការយល់ឃើញផ្សេង ហើយចុចឈ្មោះក្លឹបដែលកំពុងឈរលេខ ៣ នៅតារាង ថាមានសង្ឃឹមខ្ពស់ជាង និងជាក្រុមដែលពិបាកនឹងផ្តួលជាង Chelsea វិញ។ នោះគឺក្លឹប Man City ដែលរដូវកាលថ្មី ឈ្នះ ៤ ស្មើ ២ ចាញ់ ១ មាន ១៤ ពិន្ទុបណ្តោះអាសន្ន។
ប្រាប់លើប៉ុស្តិ៍ FIVE YouTube លោក Ferdinand ថា៖"នៅ ៤ ឬ ៥ ប្រកួតដំបូង ខ្ញុំអង្គុយទីនេះ ហើយគិតថា Chelsesa ជាក្រុមដែលពិបាកនឹងផ្តួលបំផុត តែនៅ ៣ ឬ ៤ ប្រកួតចុងក្រោយនេះវិញ ខ្ញុំកំពុងគិតទៅលើក្លឹប Man City វិញហើយ ពួកគេមើលទៅគួរឲ្យចាប់អារម្មណ៍ណាស់ ជាពិសេសក្រោយលេងទល់ក្លឹបធំៗ"។
លោកបន្ថែមទៀតថា៖ "Man City បានយកឈ្នះ Chelsea កាលពីសប្តាហ៍មុន ហើយនៅវគ្គទី ១ ប្រកួតទល់ Liverpool ក៏គ្រប់គ្រងសាច់បាល់បានទាំងស្រុងទៀត តែយើងរាងខកចិត្តដែលបញ្ចប់លទ្ធផល ២-២ តែមើលទៅ City នៅតែជាក្រុមដែលគួរឲ្យចាប់អារម្មណ៍ជាងគេដដែល"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក