Miralem Pjanic បានផ្ទេរនៅលក្ខខណ្ឌខ្ចីជើងទៅកាន់ក្លឹប Besiktas នៅឯប្រទេសទួរគី លើសុពលភាព ១ រដូវកាល មុននឹងត្រូវបានត្រលប់មកវិញ ប្រសិនក្លឹបនោះមិនចរចាបន្តកុងត្រាបន្ថែម។
យ៉ាងណាកីឡាករសញ្ជាតិបូស្នី ហាក់នៅតែមានការមិនពេញចិត្ត និងបានផ្លែផ្កាឲ្យអ្នកចាត់ការលោក Ronald Koeman ថា គួរតែជាបុគ្គលដែលក្លឹប Barcelona ដកតំណែងចេញ ប្រសិនក្លឹបចង់ត្រលប់មកភាពនឹងន ដូចកាលពីប៉ុន្មានឆ្នាំមុន។
ប្រាប់ទៅសារព័ត៌មាន beIN SPORTS កន្លងទៅនេះ ខ្សែបម្រើវ័យ ៣១ បាននិយាយថា៖ "[Barcelona] កំពុងឆ្លងកាត់ពេលវេលាដ៏លំបាក ហើយលទ្ធផលរបស់ពួកគេ ជាអ្វីដែលអ្នកគាំទ្រមិនចង់បាននោះទេ នាំឲ្យកីឡាករកាន់តែទទួលរងសម្ពាធបន្ថែមទៀត"។
លោកបន្ត៖ "ប្រហែលថាលុះត្រាមានអ្នកដឹកនាំដ៏ល្អមួយ [សំដៅទៅការប្តូរគ្រូ] ទើបអាចជួយឲ្យក្រុមត្រលប់មកភាពល្អប្រសើរវិញ ហើយ Barcelona ក៏អាចនឹងត្រលប់មកដូចពីពេលមុន តែវាក៏ត្រូវការពេលខ្លះដែរ ដោយជាការពិត Barca តែងតែជាក្រុមមួយ ក្នុងចំណោមក្រុម ៤ ឬ ៥ ល្អដាច់គេក្នុងលោក"។
គួរបញ្ជាក់ថា ក្រោយឆ្លងកាត់ ៧ ជុំ Barcelona ខ្ទាតមកដល់លេខ ៩ ក្នុងតារាង ដោយឈ្នះ ៣ ស្មើ ៣ ចាញ់ ១។ នៅក្របខ័ណ្ឌ UCL ឯណោះ ក៏កាន់តែយ៉ាប់យ៉ឺនថែមទៀត បន្ទាប់ពីចាញ់ Bayern ៣-០ និង Benfica ៣-០ នៅវគ្គចែកពូល៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក