នៅការប្រកួតរវាង Man Utd និង Everton កាលពីពេលកន្លងទៅ លោក Ole Gunnar Solskjaer បានបង្កើតការភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រ ដោយពុំបានដាក់ Cristiano Ronaldo ឲ្យចូលលេងនៅជម្រើស ១១ នាក់ដំបូងនោះទេ ហើយទុកគេដល់ជិតនាទី ៦០ ទើបប្តូរឲ្យចូលលេង តែស្ថានភាពក៏មិនអាចផ្លាស់ប្តូរ ដោយបានត្រឹមស្មើ ១-១ ដដែលក្រោយបញ្ចប់ ៩០ នាទី។
មានមតិរិះគន់ជាច្រើនអំពីចំណាត់ការរបស់គ្រូសញ្ជាតិន័រវេស ហើយសូម្បីតែអតីតជើងចាស់របស់ក្លឹប Aston Villa លោក Gabby Agbonlahor ក៏និយាយដែរថា Ole សមតែត្រូវបានក្លឹបដកតំណែងចំពោះទង្វើបែបហ្នឹង។
លោក Gabby និយាយ៖ "វាជាទង្វើដែលសមតែត្រូវបានបណ្តេញចេញ ការដែលមិនដាក់ឲ្យ Cristiano លេងជម្រើសដំបូង ដោយអ្នកមើលទៅ Man Utd ពួកគេកំពុងលេងទល់ Everton ជាក្រុមដែលចាប់ផ្តើមបានយ៉ាងល្អនៅរដូវកាលនេះ អ៊ីចឹងត្រូវការក្រុមដ៏រឹងមាំមួយ ទើបអាចផ្តួល Everton បាន"។
លោកបន្ថែមទៀតថា៖"ទឹកមុខដែល Ronaldo បង្ហាញចេញមក ពេលគាត់ដើរចេញពីទីលាន គាត់មិនចាប់ដៃនរណាទាំងអស់ គឺជាអារម្មណ៍ដែលគាត់ធុញទ្រាន់ការមិនអាចជាប់ជម្រើសដំបូង គាត់ចង់ស្ថិតក្នុងក្រុមដែលឈ្នះពានរង្វាន់ ហើយជាមួយ Ole Gunnar Solskjaer គឺនឹងមិនអាចឈ្នះពានលីគមួយនេះបានឡើយ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក