កំឡុងការស៊ុតបញ្ចូលទីឲ្យក្លឹប Everton យកមួយពិន្ទុស្មើពីក្លឹប Man Utd សម្រាប់កីឡាករ Andros Townsend ក៏ត្រូវបានគេប្រទះឃើញ បញ្ចេញស្ទាយអបអរដូចជា Cristiano Ronaldo បេះដាក់ នោះគឺស្ទាយអបអរ "SUIIII" ឬការទម្លាក់ដៃបុកទម្លុះធរណី។
យ៉ាងណាក្រោយចប់ការប្រកួត បុរសវ័យ ៣០ ឆ្នាំ បានពន្យល់ពីមូលហេតុដែលខ្លួនចេញស្ទាយអបអរបែបនោះ ហើយថាមិនមែនជាការឌឺដងអ្វីទេ ផ្ទុយទៅវិញគឺជាបំណងល្អ ដែលចង់បង្ហាញការគោរពដល់ CR7 ក្នុងនាមជាបុគ្គលគំរូសម្រាប់ខ្លួនប៉ុណ្ណោះ។
ប្រាប់ទៅប៉ុស្តិ៍ BT Sport ខ្សែប្រយុទ្ធស្លាប Townsend និយាយបែបនេះថា៖ "មិនមែនជាការយកត្រាប់តាមអ្វីនោះទេ តែនេះជាការបង្ហាញអំពីការគោរពដល់បុគ្គលដែលមានឥទ្ធិពលមកក្នុងអាជីពរបស់ខ្ញុំ"។
លោកបន្ត៖ "ខ្ញុំបានចំណាយពេលរាប់ម៉ោងនៅលើទីលានហ្វឹកហាត់ បន្ទប់វីដេអូ ដើម្បីព្យាយាមរៀនសូត្រតាមការស៊ុត Free-Kick របស់គាត់ ការបញ្ជូនបាល់របស់គាត់ និងរបៀបដែលគាត់លះបង់ទៅក្នុងវិស័យបាល់ទាត់ ដូច្នេះនេះជារបៀបដែលខ្ញុំចង់គោរពទៅកាន់គាត់ក្នុងនាមគាត់ជា idol របស់ខ្ញុំ អ៊ីចឹងសូមកុំវាយតម្លៃលឿនពេកអី"។
បញ្ជាក់ថាក្រោយចប់ការប្រកួត Townsend ក៏ទទួលបានការផ្តល់ជូននូវអាវពី Ronaldo ផងដែរ ដែលនេះជាសកម្មភាពដ៏ល្អមួយ ព្រោះអី CR7 ក៏មិនងាយដោះដូរអាវជាមួយកីឡាករណាងាយៗដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក