Cristiano Ronaldo នឹងត្រូវមកចូលរួមជួយក្រុមជម្រើសជាតិសារជាថ្មី នៅកំឡុង International Break ខាងមុខ បន្ទាប់ពីការប្រកួតឲ្យ Man Utd ទល់ Everton នាល្ងាចថ្ងៃសៅរ៍។ មានប្រកួត ២ ដែលជម្រើសជាតិព័រទុយហ្គាល់ត្រូវតតាំង គឺការលេងទល់កាតា និងមួយទៀតទល់លុចហ្សំបួរនៅវគ្គជម្រុះបឋម World Cup។
យ៉ាងណាក្នុងអត្ថបទនេះ Knongsrok សូមលើកមកបង្ហាញនៅកំណត់ត្រាធំ ២ ដែលកំពុងរង់ចាំតារាឆ្នើមវ័យ ៣៦ ឆ្នាំហើយគេអាចនឹងបំបែកបានព្រមគ្នានៅឆ្នាំ ២០២២ ខាងមុខ៖
១) ការបង្ហាញខ្លួនច្រើនបំផុតឲ្យជម្រើសជាតិ
Ronaldo បច្ចុប្បន្នបង្ហាញខ្លួនសរុបឲ្យព័រទុយហ្គាល់ ១៨០ ប្រកួត ខណៈកំណត់ត្រានេះ អ្នកគ្រងសព្វថ្ងៃគឺ Ahmed Hasson ដែលលេងឲ្យជម្រើសជាតិអេហ្សីបចន្លោះឆ្នាំ១៩៩៥ ដល់ ២០១២ មានដល់ទៅ ១៨៤ ប្រកួត។
សម្រាប់ Ronaldo គឺអាចធ្វើបានដល់ប្រកួតទី ១៨៥ លុះត្រាណាតែអាចបង្ហាញខ្លួនគ្រប់ការប្រកួតទាំងអស់ឲ្យព័រទុយហ្គាល់ ដែលនៅឆ្នាំ ២០២១ នេះសល់កាលវិភាគ ៥ ប្រកួតទៀត ប៉ុន្តែបើមិនអាចលេងជាប់ទាំង ៥ ប្រកួត នោះគឺអាចឆ្លងចូលដល់ប្រកួតថ្មីនៅឆ្នាំ ២០២២។
២) ជាកីឡាករបង្ហាញខ្លួននៅ World Cup ច្រើនសម័យកាលបំផុត
រាប់ជាមួយការស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ១ គ្រាប់ សព្វថ្ងៃគឺ Pele ជាអ្នកគ្រងកំណត់ត្រានេះ ដោយបង្ហាញខ្លួននៅ World Cup ៤ សម័យកាលផ្សេងគ្នា។ សម្រាប់ Ronaldo ធ្លាប់បង្ហាញខ្លួនកាលពីឆ្នាំ ២០១០, ២០១៤ និង ២០១៨ ហើយនៅឆ្នាំ ២០២២ ខាងមុខ ក៏ CR អាចចូលទៅក្នុងកំណត់ត្រាមួយនោះផងដែរ ពោលគឺអាចតាមស្មើ Pele ប្រសិនអាចរកបានយ៉ាងហោច ១ គ្រាប់។
ប្រសិនចង់បំបែកកីឡាករព័រទុយហ្គាល់ ត្រូវការ វត្តមាននៅ World Cup ២០២៦ ដែលលោកត្រូវឈានចូលដល់អាយុ ៤១ ឆ្នាំឯណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក