ខ្សែការពារ Alex Telles បានទម្លាយពីមូលហេតុដែល Cristiano Ronaldo មានអារម្មណ៍មិនសូវសប្បាយចិត្ត នៅការប្រកួតទល់ក្លឹប Villarreal កាលពីពាក់កណ្តាលនៅវគ្គចែកពូល UEFA Champions League។
នោះគឺដោយសារមិត្តរួមក្រុមមិនអាចរកឃើញចន្លោះ ក្នុងការបញ្ជូនបាល់ទៅឲ្យខ្សែប្រយុទ្ធនៅខាងលើ ជាហេតុនាំឲ្យក្រុមយកបានជ័យជម្នះយ៉ាងតានតឹងបំផុត ហើយកើតឡើងនៅចុងម៉ោងនាទី ៩០+៤ ឯណោះ។
ប្រាប់ TNT Sports ខ្សែការពារសញ្ជាតិប្រេស៊ីលខាងលើថា៖ "នេះជាប្រកួតដំបូងដែលខ្ញុំបានលេងជាមួយ Ronaldo ហើយនៅខាងក្រៅទីលាន ពួកយើងស្និទ្ធស្នាលគ្នាដោយសារយើងប្រើប្រាស់ភាសាព័រទុយហ្គាល់បានដូចគ្នា"។
លោកបន្ត៖ "យ៉ាងណា ៥ នាទីមុននោះ Ronaldo គាត់រាងអត់សប្បាយចិត្តបន្តិច ដោយសារយើងមិនអាចបញ្ជូនបាល់ឲ្យគាត់ទៅខាងលើបាន តែខ្ញុំប្រាប់គាត់ហើយថា បាល់នឹងទៅដល់ គាត់បន្តផ្តោតអារម្មណ៍សិនទៅ ហើយដូចយើងបានឃើញ ត្រឹមតែការបញ្ជូនមួយទៅដល់គាត់នៅក្នុងប្រអប់គឺគាត់អាចរកជ័យជម្នះឲ្យយើងបាន វាជាក្តីស្រមៃដែលក្រុមចង់បាន"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក