ក្លឹបបារាំង Paris Saint-Germain ត្រូវបានគេរាយការណ៍ថា នឹងមិនគិតគូរច្រើនទៀតទេ ប្រសិនជាបាត់បង់ Kylian Mbappe នៅពេលខាងមុខ ពោលគឺពួកគេនឹងដាក់គោលដៅលើការនាំយកយុវជនឆ្នើម Erling Haaland ចេញពីក្លឹប Borussia Dortmund ឲ្យបានភ្លាមៗ។
បើតាមប្រភពសារព័ត៌មាន La Gazzetta dello Sport ចុះផ្សាយថា ខាងភាគីក្លឹប PSG និងភ្នាក់ងារកីឡាករលោក Mino Raiola បានចរចាគ្នារួចរាល់ហើយ ដោយសុំថ្លៃពលកម្មសម្រាប់ Erling Haaland ដល់ទៅ ៥០ លានអឺរ៉ូ តែយ៉ាងណាងខាងក្លឹបបារាំងក៏មិនមានការរារែកចិត្តនោះដែរ ពោលគឺព្រមតាម ឲ្យតែព្រមមក។
ជាការពិតយើងទៅមើលស្ថានភាពរបស់ខ្សែប្រយុទ្ធបារាំង Mbappe គឺមានភាគរយច្រើន អាចនឹងចែកផ្លូវជាងការបន្តនៅ ព្រោះសុពលភាពកុងត្រារបស់គេនឹងត្រូវផុតនៅរដូវក្តៅខាងមុខ ដែលមានន័យថាក្លឹប Real Madrid អាចយកគេបានក្នុងលក្ខខណ្ឌឥតតម្លៃផ្ទេរ។
ដោយឡែក Haaland ឯណោះវិញ គេនឹងមានតម្លៃផ្តាច់កុងត្រាត្រឹមតែ ៧៨ លានអឺរ៉ូ តែសំខាន់លើថ្លៃពលកម្មដែលគេទាមទារខ្ពស់ប៉ុណ្ណោះ គ្រាន់ថាបើ PSG មិនប្រកែកហើយ វាក៏មិនជាបញ្ហាចោទអ្វីទៀតដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក