ក្លឹបតោខៀវ Chelsea កំពុងគរជើងកីឡាករនៅតំបន់ប្រយុទ្ធ ហើយដូចអ្នកដឹងស្រាប់ហើយ គឺតំណែងប្រយុទ្ធកណ្ដាលមាន Timo Werner និង Romelu Lukaku កំពុងប្រជែងគ្នាជាខ្លាំង។
បើតាមសារព័ត៌មាន DailyMail ចុះផ្សាយថា ខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner នឹងរកមើលការចែកផ្លូវហើយ ប្រសិនណាគេមិនអាចទទួលបានឱកាសចូលលេងជាប់លាប់ដូចកាលពីពេលមុន។
នារដូវកាល ២០២១/២២ Werner បង្ហាញខ្លួន ៧ ប្រកួត រកបាន ១ គ្រាប់និង Assist ១ លើក គិតជាចំនួននាទីលើទីលាន តែ ៣៦៣ នាទីប៉ុណ្ណោះ។ ធៀបនឹង Lukaku ដ្បិតគេទើបជាអ្នកមកក្រោយ តែគេឈរជើងបាន ៨ ប្រកួត រកបាន ៤ គ្រាប់ ស្មើនឹង ៦៤៤ នាទីទៅហើយ។
មិនមានការបញ្ជាក់ច្បាស់ទេថា ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំ អាចនឹងផ្ទេរទៅក្លឹបថ្មីណាមួយ ស្របពេលដែលសុពលភាពកុងត្រារបស់គេត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៥ ឯណោះ។ កាល Chelsea ទិញចូលគេមានតម្លៃ ៥៣ លានអឺរ៉ូ ហើយស៊ីថ្លៃពលកម្មដល់ទៅ ២៧២ ០០០ ផោន/សប្តាហ៍ ហើយបើតាមហាងឆេងលក់គេចេញទៅវិញនៅពេលខាងមុខ គឺក្លឹបក៏នៅតែអាចចំណេញតិចតួចដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក