ក្លឹបបារាំង Paris Saint-Germain មានភាគរយច្រើនអាចនឹងត្រូវបាត់បង់តារាឆ្នើម Kylian Mbappe នៅទីផ្សារដោះដូររដូវក្តៅខាងមុខ ហើយជាការបាត់បង់ដោយមិនបានតម្លៃខ្លួនសូម្បីតែមួយសេន្តថែមទៀត។
យ៉ាងណាក្លឹបក៏មានតែសម្របទៅតាមពេលវេលា ហើយស្វះស្វែងរកអ្នកថ្មីមកជំនួសដ៏សក្តិសមបំផុត ដ្បិតអីនៅតំបន់ប្រយុទ្ធខាងលើ មានជើងឆ្នើម ២ រូប គឺ Neymar Jr និង Leo Messi ទៅហើយនោះ។ បើតាមសារព័ត៌មាន TeleFootball ចុះផ្សាយថា ក្លឹបសេដ្ឋីបារាំងកំពុងសម្លឹងឃើញកីឡាកររបស់ក្លឹប Bayern Munich។
នោះគឺម៉ាស៊ីនបញ្ចប់ទីវ័យចំណាស់ Robert Lewandowski ដែលស្ថិតនៅវ័យ ៣៣ ឆ្នាំទៅហើយ ប៉ុន្តែនៅមានគុណភាពល្អ ជាពិសេសគឺទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ក្លឹបធំៗនៅមួយរយៈចុងក្រោយ។ សុពលភាពកុងត្រារបស់ខ្សែប្រយុទ្ធប៉ូឡូញ ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២៤ ហើយតាមហាងឆេងថ្លៃខ្លួន គេអាចថ្លៃប្រមាណ ៦០ លានអឺរ៉ូ។
ទៅមើលស្ថិតិរបស់គេឯណោះវិញ នៅរដូវកាល ២០២១/២២ គេរកបាន ១៣ គ្រាប់សរុបនៅការបង្ហាញខ្លួន ៩ ប្រកួត ពោលកំពុងបន្តស្ថិតិដ៏ល្អឥតខ្ចោះទៀតហើយឲ្យក្លឹប Bayern Munich។ ដូច្នេះវាពិតជាពិបាកថាដែរ ជុំវិញការសម្រេចចិត្តរបស់ក្លឹបអាល្លឺម៉ង់ថាព្រមលក់ Lewandowski ឬអត់?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក