អតីតខ្សែបម្រើរបស់ក្លឹបហង្សក្រហម Liverpool គឺលោក Danny Murphy បានបង្ហាញការយល់ឃើញថា វត្តមាន Cristiano Ronaldo បានជះឥទ្ធិពលអាក្រក់ ដល់ការសម្របខ្លួននៃយុវជនចំណូលថ្មីរប់សក្លឹប Man Utd។
នោះគឺលោក Murphy សំដៅដល់ Jadon Sancho ដែលគេកាលនៅក្លឹបចាស់ Dortmund គេលេងបានល្អ តែមកដល់ Man Utd ហាក់មិនសមនឹងតម្លៃខ្លួនទាល់តែសោះ ពោលគឺមិនទាន់បង្ហាញផ្លែផ្កាជាដុំកំភួនអ្វីឡើយ។
ប្រាប់ទៅកាន់ talkSPORT កន្លងទៅនេះ លោក Murphy ថា៖ "Sancho គេរាងជួបបញ្ហាបន្តិច ជាពិសេសនៅពេលយើងស្ថិតក្នុងក្រុមដែលពោរពេញដោយកីឡាករមានទេពកោសល្យ ខ្ញុំគិតថាគេត្រូវការពេលវេលា ដើម្បីរកកន្លែងដ៏សក្តិសមសម្រាប់គេក្នុងក្រុម"។
លោកបន្ថែមថា៖ "ខ្ញុំគិតថា Sancho គេទទួលរងការឈឺចាប់ដោយសារ Ronaldo ព្រោះ Sancho គេគួរតែបានលេងច្រើនជាងនេះ ដោយសារ Greenwood ដែលលេងប្រយុទ្ធកណ្តាល ឥឡូវពេលមាន Ronaldo គេត្រូវរុញមកលេងជាន់តំណែងរបស់ Sancho ម្នាក់ថែមទៀត"។
គួររំឭកថា ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំ រាប់ចាប់តាំងពីការផ្ទេរមកក្លឹបម្ចាស់ដី Old Trafford គេបង្ហាញខ្លួនសរុប ៨ ប្រកួត ចាយពេលជាង ៤០០ នាទីលើទីលានដែរ តែមិនទាន់អាចរកបានសូម្បីគ្រាប់បាល់និងការ Assist ឲ្យក្លឹប៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក