អ្នកស្រី Dolores Aveiro ជាម្តាយបង្កើតរបស់ Cristiano Ronaldo គឺមិនឃើញកូនប្រុសរបស់ខ្លួន រៀបអាពាហ៍ពិពាហ៍ជាមួយតារាម៉ូដែលស្រី Goergina Rodriguez នោះទេ បើទោះបីអ្នកទាំងពីរកំពុងរស់នៅជាមួយគ្នាយ៉ាងល្អូកល្អិននិងបង្កើតបានកូនស្រីមួយហើយក៏ដោយ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Marca បានឲ្យដឹងថា ម្តាយបង្កើត Ronaldo ក៏ដូចជាខាងក្រុមគ្រួសារខាងប្រុស យល់ឃើញថា តារាម៉ូដែលកូនកាត់អេស្ប៉ាញ-អាហ្សង់ទីន អាចនឹងចូលមកដណ្តើមទ្រព្យសម្បត្តិរបស់ CR7 ព្រោះដូចអ្នកបានដឹងស្រាប់ហើយ ច្បាប់ការរៀបអាពាហ៍ពិពាហ៍ ពេលរស់នៅជាមួយគ្នា គឺទ្រព្យជារួម លែងបែងចែកទ្រព្យនរណារកបានអ្វីទៀតហើយ ដូច្នេះប្រសិនមានការបែកបាក់ ទ្រព្យសម្បត្តិទាំងអស់របស់ CR7 នឹងត្រូវបែងចែកពាក់កណ្តាលឬក្នុងលក្ខខណ្ឌណាមួយទៅឲ្យ Georgina។ ហេតុផលនេះហើយដែលអ្នកស្រី Aveiro គិតថា អាចជាផលប៉ះពាល់ធ្ងន់ធ្ងរដល់កូនប្រុសបង្កើតខ្លួនទៅថ្ងៃខាងមុខ។
យ៉ាងណាបើយើងធៀបនឹងភាពជាក់ស្តែងសព្វថ្ងៃ គឺវាផ្ទុយស្រឡះពីគ្នា ព្រោះទំនាក់ទំនងរវាង Ronaldo និង Goergina ហាក់មិនមានរឿងល្អក់កករអ្វីនឹងគ្នាទាល់តែសោះ រាប់ចាប់តាំងពីការបង្កាត់ភ្លើងស្នេហ៍នាឆ្នាំ ២០១៧។ ជាងនេះ Georgina គឺជាមនុស្សស្រីដំបូងផងដែរ ដែល Ronaldo ហ៊ានបង្ហាញជាសាធារណៈ ថាជាម្តាយនៃកូនស្រីបង្កើតខ្លួន គឺ Alana ដែលមានអាយុជិត ៤ ឆ្នាំ។
ដូច្នេះយើងមានតែរង់ចាំមើលបន្តទៀត គ្រាន់ដឹងថា ខាងស្រី Georgina គឺតែងតែបង្ហើបពីគម្រោងចង់រៀបការ តែក៏មិនអាចអារកាត់តែឯងបានដែរ លុះត្រាតែខាងប្រុស Ronaldo យល់ព្រម។ យ៉ាងណាគ្រប់សកម្មភាពដែលនាងបង្ហាញមក គឺ Georgina ហាក់ឲ្យតម្លៃទៅលើគ្រួសាររបស់ Ronaldo និងស្រលាញ់មើលថែទាំគ្រួសារទាំងមូលបានដិតដល់ល្អណាស់ ដូច្នេះបើនាងស្រលាញ់ CR7 ស្មោះ មិនសម្លឹងឃើញទ្រព្យជាធំ នោះអាចជាវិប្បដិសារីមួយដែរ របស់គ្រួសារខាង Ronaldo ដែលមើលខុសមកលើនាង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក