ក្លឹបបិសាចក្រហម Man Utd បានយកឈ្នះទៅលើសត្រូវចាស់ Villarreal តាមរយៈលទ្ធផល ២-១ នៅឯការប្រកួតក្នុងកីឡដ្ឋាន Old Trafford នាជុំទី ២ វគ្គចែកពូល UEFA Champions League កាលពីយប់មិញ។ Cristiano Ronaldo និង Alex Telles ជាអ្នកបញ្ចប់ទីរកគ្រាប់បាល់ តែតាមរយៈការយល់ឃើញរបស់ Bruno Fernandes គឺសរសើរដល់ CR7 និងកីឡាករមួយរូបផ្សេងទៀត។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ បាននិយាយប្រាប់ BT Sport ក្រោយយក ៣ ពិន្ទុនៅជុំទី ២ នេះថា៖ "ខ្ញុំតែងតែមានអារម្មណ៍ថាយើងអាចឈ្នះការប្រកួតនេះ បើទោះបីពួកគេអាចស៊ុតបញ្ចូលទីក៏ដោយ ខ្ញុំមានអារម្មណ៍ថាយើងអាចវាយបកវិញបាន"។
លោកបន្ត៖ "ក្រោយគ្រាប់បាល់របស់ Alex [Telles] កើតឡើង គឺគ្រប់គ្នាក្នុងកីឡដ្ឋានហាក់មានអារម្មណ៍អស្ចារ្យខ្លាំង ហើយបន្ទាប់មកគឺដោយសារតែការសង្រ្គោះបាល់ធំៗជាច្រើនពីអ្នកចាំទី David de Gea ដែលគេជាចំណែកសំខាន់ជួយឲ្យការប្រកួតអាចរក្សាលទ្ធផល ១-១"។
"មុនដល់ទីបញ្ចប់ Cristiano Ronaldo ដែលតែងតែធ្វើឲ្យយើងមានអារម្មណ៍ថាគាត់អាចរកគ្រាប់បាល់បានក្នុងនាមជាខ្សែប្រយុទ្ធមួយរូប"។
រំឭកថា សូម្បីតែអតីតជើងចាស់លោក Owen Hargreaves ក៏សរសើរដល់អ្នកចាំទីសញ្ជាតិអេស្ប៉ាញផងដែរ ថាគេកំពុងត្រលប់មករកភាពល្អឥតខ្ចោះវិញហើយ បន្ទាប់ពីប៉ុន្មានប្រកួតចុងក្រោយ ឃើញថាបង្កើតផ្លែផ្កាជាដុំកំភួនច្រើន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក