អ្នកចាត់ការលោក Ole Gunnar Solskjaer ដ្បិតបើក្រុមអាចយកបាន ៣ ពិន្ទុនៅជុំទី ២ ទល់ Villarreal នៅប្រកួតយប់មិញ តែលោកក៏នៅតែទទួលស្គាល់ថា កូនក្រុមមួយរូបរបស់ខ្លួនគឺ Jesse Lingard លេងទាំងមិនសប្បាយចិត្តទេយប់មិញ។
នោះក៏ដោយសារតែ Lingard គេចង់ទទួលបានពេលវេលាលេងឲ្យបានច្រើនជាងនេះ តែកាលពីយប់មិញ គេត្រឹមអង្គុយបម្រុង ហើយរង់ចាំដល់នាទីទី ៨៩ ទើបគេបានប្តូរចូល តែគេគឺជាអ្នក Assist គ្រាប់បាល់ឲ្យ Cristiano Ronaldo នៅនាទី ៩០+៥ មុនបញ្ចប់ការប្រកួត ២ នាទី។
អ្នកចាត់ការសញ្ជាតិន័រវែសនិយាយបែបនេះថា៖ "Jesse [Lingard] គេមិនសប្បាយចិត្តទេ ដោយពេលមិនបានលេងច្រើនជាងហ្នឹង តែការដែលគេ អាចចូលមកបង្កើតឥទ្ធិពលដ៏ល្អបែបហ្នឹង គឺជាអ្វីដែលកីឡាករបម្រុង គួរតែធ្វើនៅកម្រិតដ៏ខ្ពស់បែបហ្នឹង"។
បញ្ជាក់ថា ដ្បិតបើពេលវេលារបស់គេលើទីលាន រាងខ្សត់បន្តិចមែន តែគេឃើញថាកីឡាករវ័យ ២៨ ឆ្នាំ ហាក់ពុះពារខ្លាំងណាស់ ជាពិសេសពេលមាន Ronaldo គេហាក់លេងល្អជាងមុនច្រើន។ ជាក់ស្តែងនៅរដូវកាលថ្មី គេបង្ហាញខ្លួន ៦ ប្រកួត រកបាន ២ គ្រាប់និង Assist ១ លើក រាប់ជាស្ថិតិល្អគួរសម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក