Pep Guardiola មិនអាចដឹកនាំ Man City ឲ្យយកឈ្នះទៅលើ PSG នៅទឹកដីបារាំង កាលពីយប់មិញបានទេ ពោលគឺទទួលបរាជ័យក្រោមលទ្ធផល ០-២ ដែលសម្រេចទីដោយ Idrissa Gueye និង Lionel Messi។
ក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានសរសើរដល់ការលេងរបស់កីឡាករអាហ្សង់ទីន ហើយទទូចឲ្យកីឡាករក្នុងក្រុមគួរពង្រឹងប្រព័ន្ធប្រយុទ្ធ ឲ្យខ្លាំងជាងនេះបន្ថែម ហើយមានជំនឿជាក់លើខ្លួនឯងថា អាចបញ្ចប់ទីពោរពេញដោយគុណភាពបាន។
លោក Guardiola និយាយ៖ "Messi គេស៊ុតបានល្អណាស់ យើងដឹងហើយថាពិតជាមិនអាចទៅរួចទេ ការដែលអាចគ្រប់គ្រង Leo ពេញ ៩០ នាទី ដ្បិតបើគេមិនបានប៉ះបាល់ច្រើន តែពេលគេរត់ចូលមកកៀកប្រអប់ គឺគេលែងអាចបញ្ឈប់បានហើយ"។
លោកសង្កត់ធ្ងន់៖ "យើងដឹងបែបហ្នឹងមុនហើយ យើងមិនអាចគ្រប់គ្រងពួកគេពេញ ៩០ នាទីទេ ទាំងដែលពួកគេសុទ្ធតែជាកីឡាករពោរពេញដោយទេពកោសល្យ ដោយជម្រើសមានតែមួយគត់ គឺការពារឲ្យជ្រៅ ៩០ នាទី ហើយព្យាយាមគ្រប់គ្រងបាល់ លេងតាមរបៀបរបស់យើង តែគ្រាន់ថាកីឡាករលេងតំណែងប្រយុទ្ធរបស់យើង គួរតែមានការពង្រឹងឲ្យខ្លាំងបន្ថែមទៀត ហើយត្រូវហ៊ាននិយាយប្រាប់ខ្លួនឯងថា ខ្ញុំអាចរកគ្រាប់បាល់ ខ្ញុំមានគុណភាពធ្វើវាបាន នេះជាអ្វីដែលពួកយើងគួរតែធ្វើទៅថ្ងៃមុខ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក