អ្នកចាត់ការលោក Carlo Ancelotti បានបង្ហាញការយល់ឃើញក្រោយចប់ការប្រកួត ពីហេតុផលដែលក្លឹបមិនអាចយក ៣ ពិន្ទុ ហើយបែរជាភ្លាត់ចាញ់ ២-១ ក្នុងដីខ្លួនឯង ទល់ក្រុមភ្ញៀវ Sheriff កាលពីយប់មិញ។
ក្លឹប Real Madrid ស៊ុត ៣១ ជើង មិនអាចរកបានសូម្បីតែមួយគ្រាប់ ហើយបែរជាបានបាល់ប៉េណាល់ទីរបស់ Karim Benzema នៅនាទី ៦៥ តែខាង Sheriff ពួកគេស៊ុតត្រឹម ៤ ជើង អាចរកបាន ២ គ្រាប់ ងំមួយគ្រាប់ចុងតង់នាទី ៩០ តែម្តង។
និយាយក្រោយចប់ការប្រកួត អ្នកចាត់ការរបស់ក្រុមម្ចាស់ផ្ទះ Ancelotti ថា មិនមែនដោយសារលោកដាក់ Eduardo Camavinga លេងការពារឆ្វេង ទើបធ្វើឲ្យក្រុមចាញ់នោះទេ តែមកពីក្រុមមិនសំណាង។ Ancelotti មានប្រសាសន៍៖ "ខ្ញុំគិតថា Camavinga គេនឹងត្រូវទម្លាប់លេងនៅទីនោះ ហើយ Valverde រុញទៅខាងមុខ ចេញពីតំបន់ខាងស្តាំបានច្រើន ដោយការប្រកួតនេះយើងគ្រប់គ្រងបានហើយ យើងមិនសមចាញ់ទេ ហើយក៏មិនមែនដោយសារយើងដាក់ Camavinga ឲ្យលេងការពារឆ្វេងនោះដែរ"។
លោកបន្ត៖ "តែយើងចាញ់ដោយសារយើងសំណាងមិនល្អ ដោយក្រុមយើងលេងបានល្អខ្លាំងណាស់ គ្រាន់ថាយើងគួរតែល្អប្រសើរជាងនេះ នៅបាល់មុខទីប៉ុន្មានម៉ែត្រចុងក្រោយ តែពេលខ្លះរឿងវាពិបាកពន្យល់ខ្លាំង"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក