នៅវេលាម៉ោង ០២:០០ នាទីទាបភ្លឺរាត្រីនេះ នឹងមានការប្រកួតរវាងក្លឹបបារាំង Paris Saint-Germain ទល់ក្លឹបមេឃខៀវ Man City នៅជុំទី ២ វគ្គចែកពូល UEFA Champions League។ គ្រប់គ្នាកំពុងរង់ចាំមើល ថារវាងក្លឹបលំដាប់សេដ្ឋីទាំងពីរខាងលើ មួយណានឹងក្លាយជាអ្នកឈ្នះ ឬលទ្ធផលបានត្រឹមតែស្មើ?
មុនឈានដល់ការប្រកួត Knongsrok សូមបង្ហាញទំហំចំណាយនៃក្លឹបទាំង ២ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ហើយយើងឃើញថា ក្លឹបមេឃខៀវ Man City ឯណោះទេ ដែលចាយវាយច្រើនជាង PSG ដ្បិតបើក្លឹបបារាំង ធ្លាប់បំបែកកំណត់ត្រាយកបានកីឡាករថ្លៃបំផុត Neymar Jr នៅតម្លៃកប់ពពកក៏ដោយ។
សម្រាប់ក្លឹបបារាំង PSG ចាយលុយ ១,៤២ ពាន់លានដុល្លារ ហើយកីឡាករថ្លៃៗដែលពួកគេបានទិញយកមានដូចជា Neymar តម្លៃ ២៤៤,២ លានដុល្លារ, Kylian Mbappe តម្លៃ ១៥៩,៥ លានដុល្លារ និង Edinson Cavani តម្លៃ ៧០,៩៥ លានដុល្លារជាដើម។
ធៀបនឹង Man City ដែលពួកគេចាយវាយដល់ ១,៧ ពាន់លានដុល្លារ មានដូចជាការនាំយក Jack Grealish នៅតម្លៃ ១២៩,២៥ លានដុល្លារ, Kevin de Bruyne នៅតម្លៃ ៨៣,៦ លានដុល្លារ និង Ruben Dias នៅតម្លៃ ៧៤,៨ លានដុល្លារជាដើម។ គួររំឭកថា ទោះជាយ៉ាងណាក៏ក្រុមទាំង ២ មិនទាន់ស្គាល់រសជាតិឈ្នះពាន UCL នៅឡើយ ហើយបានឡើងត្រឹមវគ្គផ្តាច់ព្រ័ត្រ ១ លើកដូចគ្នាទៀតផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក