នាយកជាន់ខ្ពស់ក្លឹប Borussia Dortmund លោក Joachim Watzke បានទម្លាយថា Erling Haaland កំពុងត្រូវបានក្លឹបយក្សនៅអេស្ប៉ាញ តាមចែចង់ឥតឈប់ តែយ៉ាងណាក្លឹបនៅតែបន្តគោលជំហរចង់រក្សាជើងកីឡាករសញ្ជាតិន័រវេសឲ្យបន្តនៅ ជាជាងចាកចេញ។
វាជារឿងពិបាកមួយសម្រាប់ Dortmund ដ្បិតសុពលភាពកុងត្រារបស់ Haaland ត្រូវផុតនៅឆ្នាំ ២០២៤ តែទៅមើលតម្លៃផ្តាច់កុងត្រារបស់គេ គឺនឹងចាប់ផ្តើមបើកនៅខែមិថុនា ជាមួយតម្លៃទាបត្រឹមតែ ៦៧ លានផោនប៉ុណ្ណោះ។ ហេតុនេះហើយ បើសាមីខ្លួនគិតចង់ចាកចេញផង ប្រាកដណាក្លឹបអាណាព្យាបាលនឹងអស់សិទ្ធ ក្នុងការរក្សាជើងគេបន្តទៀតហើយ។
បើតាមការឲ្យដឹងពីនាយកប្រតិបត្តិលោក Wakzke និយាយកន្លងទៅថា៖ "Haaland ជាបុគ្គលឯករាជ្យ ទោះយ៉ាងណាក៏ដោយ នៅពេលណាមួយគេនឹងលេងឲ្យក្លឹបល្អបំផុតក្នុងលោក បើទោះបីពេលនេះគេកំពុងលេងឲ្យចំណោមក្លឹបដ៏ល្អបំផុតហើយក៏ដោយ ព្រោះអីខ្ញុំដឹងច្បាស់ ថាក្លឹប Real Madrid បានព្យាយាមតាមលួងលោមគេឥតឈប់"។
ជាការពិត ភាគរយច្រើន Haaland អាចជ្រើសយក Real Madrid ជាជាងក្លឹបណាទាំងអស់ ឬម្យ៉ាងទៀតអាចរវាងក្លឹបយក្សណាមួយនៅអង់គ្លេស ប៉ុន្តែបើគិតទៅលីគកំពូលដទៃគឺមិនសង្ឃឹមច្រើនឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក