Lionel Messi មិនទាន់អាចបង្ហាញផ្លែផ្កាគួរឲ្យចាប់អារម្មណ៍នៅឡើយទេ សម្រាប់ការមកចូលរួមជាមួយក្លឹបថ្មី Paris Saint-Germain ហើយការសហការនៅតំបន់ប្រយុទ្ធជាមួយ Kylian Mbappe និង Neymar Jr ក៏មានមតិខ្លះសរសើរ ខ្លះរិះគន់ជាបន្តបន្ទាប់ដែរ។
យ៉ាងណាមកមើលជើងចាស់លោក Nicolas Anelka ធ្លាប់ជាអតីតខ្សែប្រយុទ្ធនៅក្លឹប PSG ផ្ទាល់បានលើកឡើងថា Messi មិនមែនជាកីឡាករអាទិភាពឬកីឡាករទី ១ ដែលត្រូវដឹកនាំតំបន់ប្រយុទ្ធនោះទេ តែគួរជា Mbappe ហើយប្រាប់ឲ្យតារាឆ្នើមអាហ្សង់ទីនគួរចេះផ្តល់ការគោរពដល់កីឡាករបារាំងផង ព្រោះគេបានមកឈរជើងនៅទីនេះមុន។
Anelka ប្រាប់ទៅសារព័ត៌មាន Le Parisien បែបនេះថា៖ "Kylian Mbappe ត្រូវតែជាអ្នកដឹកនាំតំបន់ប្រយុទ្ធ ព្រោះគេជាកីឡាករទី១ មិនមែន Messi ទេ ដោយ Messi អាចធ្វើបែបហ្នឹងកាលនៅ Barcelona តែពេលនេះគេត្រូវផ្តល់គ្រប់យ៉ាងសម្រាប់ Mbappe"។
លោកបន្តថា៖ "Mbappe គេនៅក្លឹបនេះ ៥ ឆ្នាំហើយ ដូច្នេះ Messi ត្រូវបង្ហាញការគោរពសម្រាប់គេ ហើយសម្រាប់ PSG ប្រសិនចង់បានក្រុមដ៏ល្អបំផុតមួយ ត្រូវតែរិះរកគ្រប់វិធីដើម្បីរក្សាជើង Mbappe ព្រោះគេជាកីឡាករដ៏អស្ចារ្យពោរពេញដោយល្បឿន គ្មាននរណាធៀបនឹងក្នុងលោកយើងនេះ"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក