លោក Sir Alex Ferguson បានចាយពេលដឹកនាំក្លឹប Man Utd ចន្លោះខែវិច្ឆិកា ឆ្នាំ ១៩៨៦ ដល់ខែមិថុនា ឆ្នាំ ២០១៣ ហើយក្នុងរយៈពេលជិត ២ ទសវត្សមកនោះ លោកទម្លាយថា ស្តាយបំផុតគឺការដែលមិនអាចយកបានកីឡាកររបស់ក្លឹប Tottenham Hotspur។
នោះគឺខ្សែបម្រើប្រយុទ្ធជើងចាស់លោក Paul Gascoigne ដែលកាលពីឆ្នាំ ១៩៨៨ ពេលឡើងជើងខ្លាំង លោក Sir Alex បានចាប់អារម្មណ៍ចង់បានកីឡាករអង់គ្លេសរូបនេះ តែចុងក្រោយចរចាមិនទាន់ពេល ហើយត្រូវបានក្លឹបគូប្រជែង Tottenham Hotspur ថ្ពក់យកគេចេញពី Newcastle បានមុន។ យ៉ាងណាអាជីពក្រោយៗមក Gasoigne មិនជាទទួលបានជោគជ័យអ្វីជាដុំកំភួននោះទេ។
បញ្ជាក់ពីគ្រូតាសញ្ជាតិស្កុតឡែនលើកឡើងកន្លងមកថា៖ "ការពិតទៅ រឿងមួយដែលតែងតែដក់ជាប់ក្នុងចិត្តរបស់ខ្ញុំ គឺការដែលមិនអាចយកបាន Gascoigne ដោយគេជាកីឡាករដ៏អស្ចារ្យមួយ ហើយយើងគិតថា បើយើងយកគេបាន នោះគេគួរតែមានអាជីពល្អប្រសើរជាងនេះ ខ្ញុំច្បាស់ថាបែបហ្នឹង"។
លោកបន្តថា៖ "ខ្ញុំគិតថាគេបានបង្កើតកំហុសដ៏ធ្ងន់ធ្ងរមួយ ក្រោយមកទើបគេដឹងខ្លួនឯង ដោយគេគួរតែមកចូលរួមជាមួយយើង ព្រោះយើងមានកីឡាករដែលអាចជួយជ្រោមជ្រែងគេជាច្រើនពេលនោះ មានដូចជា Bobby Charlton, Bryan Robson, Steve Bruce និងសូម្បី តែ Gary Pallister ដែលយើងយកបានពីក្លឹប Middlesbrough"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក