ក្រុមជើងឯក 2021 German Cup អាល្លឺម៉ង់ Borussia Dortmund បានចាប់ដៃគូជាមួយក្លិបលេងក្នុងលីគលំដាប់ទី៣ម៉ាឡេស៊ី Langkawi City FC។
ភាពជាដៃគូរវាងក្លឹប Bundesliga និង Langkawi City នឹងពាក់ព័ន្ធនឹងការអភិវឌ្ឍន៍កម្មវិធីថ្នាក់មូលដ្ឋាន និងយុវជននៅ Langkawi City FC និងសកម្មភាពសំខាន់ៗផ្សេងទៀតរួមមានស៊េរីការប្រកួតយុវជនក្នុងតំបន់ រួមជាមួយគ្រូបង្វឹក BVB និងការផ្លាស់ប្តូរកម្មវិធីអប់រំ និងកីឡាទេសចរណ៍រវាងអង្គភាពទាំងពីរ។ Langkawi City FC បច្ចុប្បន្នលេងក្នុងកីឡាបាល់ទាត់ម៉ាឡេស៊ីលំដាប់ទី ៣ មានកីឡដ្ឋានដែលអាចផ្ទុកមនុស្សបាន ១០.០០០ នាក់។
បើតាមការបញ្ជាក់របស់ប្រធានផ្នែកប្រតិបត្តិការរបស់ BVB លោក Carsten Cramer បានឱ្យដឹងថា៖"កីឡាបាល់ទាត់កាន់តែមានប្រជាប្រិយនៅក្នុង និងជុំវិញពិភពលោក និងជាពិសេសនៅអាស៊ី ហើយយើងមានមោទនភាពក្នុងការសហការជាមួយ Langkawi City FC។ ការផ្លាស់ប្តូរចំណេះដឹងទូលំទូលាយ និងការគាំទ្រឥតឈប់ឈររបស់យើងចំពោះការអភិវឌ្ឍន៍យុវជន និងបាល់ទាត់មូលដ្ឋាននៅ Langkawi City FC និងម៉ាឡេស៊ីគឺជាការផ្តោតអារម្មណ៍នៃកិច្ចសហប្រតិបត្តិការនេះ”។
លោកបណ្ឌិត Suresh Letchmanan នាយកគ្រប់គ្រងនៃ BVB អាស៊ីប៉ាស៊ីហ្វិកបានបន្ថែមថា៖“ លើសពីការផ្តល់ជូននូវកម្មវិធីកីឡាបាល់ទាត់កំពូល និងមានឥទ្ធិពលរបស់យើងសម្រាប់កុមារ និងយុវជនយើងមានមោទនភាពក្នុងការលើកកម្ពស់គុណភាពនៃកម្មវិធីគ្រូបង្វឹក និងបច្ចេកទេសរបស់យើង។ យើងត្រូវបានលើកទឹកចិត្តក្នុងការនាំមកនូវភាពរំភើប និងឧត្តមភាពដល់អ្នកចូលរួមរបស់យើងនៅក្នុងប្រទេសម៉ាឡេស៊ី"។
"ជំនាញរបស់យើងពិតជានឹងជួយជម្រុញឱ្យគ្រូបង្វឹក និងយុវជននៅ Langkawi City FC ខិតខំហ្វឹកហាត់ ហើយខ្ញុំសង្ឃឹមថាយើងនឹងឃើញនូវការគាំទ្រ និងបង្កើនការចាប់អារម្មណ៍នៅក្នុង BVB ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅប្រទេសម៉ាឡេស៊ី” ។
ក្លឹប Bundesligaមួយនេះ បានដំណើរការយ៉ាងសកម្មនៅអាស៊ីចាប់តាំងពីឆ្នាំ ២០១៤ ដោយរៀបចំឡើងនូវគំនិតផ្តួចផ្តើមយុវជន និងទីផ្សារក៏ដូចជាព្រឹត្តិការណ៍ចូលរួមរបស់អ្នកគាំទ្រដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅអាស៊ី។ លើសពីនេះ ពួកគេជាក្រុមទីមួយបានប្រកួតជាច្រើននៅប្រទេសចិន ជប៉ុន ម៉ាឡេស៊ី និងបានហ្វឹកហាត់នៅសិង្ហបុរីក្នុងឆ្នាំ ២០១៥ ២០១៦ និង ២០១៧ ។
អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាឧបការីនៃទីក្រុង Langkawi លោក Tun Dr. Mahathir Mohamad បានពន្យល់ថា៖“ Borussia Dortmund គឺជាម៉ាកល្បីទូទាំងពិភពលោកដែលទទួលបានជោគជ័យ ហើយមានរឿងជាច្រើនដែលទីក្រុង Langkawi អាចរៀនបានពីកិច្ចសហប្រតិបត្តិការនេះ"។
"Langkawi គឺជាកោះដ៏ស្រស់ស្អាតហើយវិស័យទេសចរណ៍គឺជាឧស្សាហកម្មសំខាន់មួយរបស់វា។ ខ្ញុំសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជននៅទីក្រុងLangkawi ជាពិសេសយុវជន។ ខ្ញុំសូមជូនពរឱ្យភាពជាដៃគូទទួលបានជោគជ័យទាំងក្នុងនិងក្រៅទីលាន” ៕
ប្រភព៖ Goal.com
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក