ការប្រកាសបេក្ខភាពប្រជែងពានរង្វាន់ Ballon d'Or គឺនៅសល់រយៈពេលតែជាង ២ ទៀតប៉ុណ្ណោះ មុនសម្រេចយក Top 3 និងអ្នកឈ្នះចុងក្រោយមួយនៅដំណាច់ឆ្នាំ ២០២១។ យ៉ាងណាតាមការយល់ឃើញពីលោក Carlo Ancelotti អ្នកចាត់ការក្លឹប Real Madrid ក៏បានចុចឈ្មោះខ្សែប្រយុទ្ធមួយរូបទុកជាមុនហើយ។
នោះគឺមិនទៅណាឆ្ងាយពីកូនក្រុម គឺ Karim Benzema ដែលលោកជឿថា អ្វីដែលកីឡាករបារាំងធ្វើបានកន្លងមកនេះ គឺគេសក្តិសមនឹងក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពឯទៀត នៃការប្រជែងពានឯកត្តជនរបស់ស្ថាប័ន France Football។
Ancelotti ថា៖ "តាមរយៈ អ្វីដែល Benzema គេសម្រេចបាន គេត្រូវតែមានឈ្មោះក្នុងបញ្ជីអ្នកសង្ឃឹមឈ្នះពាន [Ballon d'Or] ដោយខ្ញុំមើលឃើញថា បុរសម្នាក់នេះ កាន់តែចាស់ គឺកាន់តែហឹរ"។
គួររំឭកថា ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំនៅរដូវកាល ២០២១/២២ គេកំពុងជាចំណែកសំខាន់ជួយក្លឹបឈរនៅកំពូលតារាង La Liga ហើយស្ថិតិជារួម គេបង្ហាញខ្លួន ៨ ប្រកួត រកបាន ៨ គ្រាប់និង Assist ៧ លើកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក