ការប្រកួត UEFA Champions League ជុំទី ២ បានឈានមកដល់ទៀតហើយនៅពាក់កណ្តាលសប្តាហ៍នេះ ដោយក្នុងពូល H ក៏មានជំនួបពិសេសមួយត្រៀមនឹងកើតឡើង នោះគឺការប៉ះគ្នារវាងសេះបង្កង់ Juventus និងតោខៀវ Chelsea នៅឯទឹកដីទីក្រុង Turin។
យ៉ាងណាជារឿងមិនល្អសម្រាប់ Juventus សារនេះ ដោយពួកគេត្រូវអវត្តមានកីឡាករសំខាន់នៅតំណែងប្រយុទ្ធដល់ទៅ ២ រូប នោះគឺ Paolo Dybala និង Alvaro Morata ដែលមានន័យថា ប្រកួតសារនេះ ក្រុមដឹកនាំដោយលោក Massimiliano Allegri នឹងមិនអាចប្រើប្រាស់ប្រព័ន្ធប្រយុទ្ធពេញជើងដូចមុនឡើយ។
ចំពោះ Dybala គេទើបតែរបួសកាលពីពេលកន្លងទៅ នៅប្រកួតទល់ Sampdoria ហើយដើរចេញពីទីលានទាំងទឹកភ្នែក ក្រោយត្រូវបានប្តូរចេញ និងជំនួសដោយ Dejan Kulusevski។ ដូច្នេះប្រព័ន្ធប្រកួតពេលខាងមុខទល់ Chelsea សម្រាប់ Juventus គឺមានតែជម្រើសល្អមួយគត់ នោះគឺប្រើប្រាស់ Kulusevski និង Moise Kean នៅប្រយុទ្ធ ហើយសល់ប៉ុន្មានគឺលេងបម្រើនិងការពារ ជាមួយប្រព័ន្ធ ៤-៤-២។
គួររំឭកថា វាជារឿងដ៏សោកស្តាយ ព្រោះ Dybala រដូវកាលនេះ គេលេងល្អគួរសម ក្រោយពីរកបាន ៣ គ្រាប់និង Assist ២ លើកនៅ ៦ ប្រកួតសរុប៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក