នៅល្ងាចថ្ងៃសៅរ៍នេះ ក្លឹប Man Utd នឹងត្រូវបើកការប្រកួតទល់ក្លឹប Aston Villa ហើយគេជឿថា វត្តមាន Cristiano Ronaldo នឹងត្រលប់មកវិញម្តងទៀត បន្ទាប់ពីខកខានការប្រកួតពាក់កណ្តាលសប្តាហ៍នៅ EFL Cup។
មុនឈានដល់ការប្រកួត លោក Ole ក៏បាននិយាយពីស្ថានភាពនិងការព្យាករណ៍ខ្លះៗ ជុំវិញការលេងរបស់ Ronadlo ថា បុរសសញ្ជាតិព័រទុយហ្គាល់នឹងអាចឈរជើងច្រើនឆ្នាំទៅមុខទៀត។
អ្នកចាត់ការសញ្ជាតិន័រវេស និយាយ៖ "ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេ បើ Ronaldo នៅតែអាចឈរជើងលេងបានពេលគេមានអាយុ ៤០ ឆ្នាំ ដោយរបៀបដែលគេមើលថែខ្លួនឯង គេយកចិត្តទុកដាក់គ្រប់ចំណុច និងការខិតខំប្រឹងប្រែង ទើបនាំឲ្យគេក្លាយជាកីឡាករដូចជាពេលនេះ"។
លោកបន្ត៖ "គេនៅតែស្រេកឃ្លានជ័យជម្នះឥតឈប់ ទាំងកម្លាំងកាយចិត្តរបស់គេ ទាំងជើងទាំងក្បាលរបស់គេ គឺនៅតែបង្ហាញថាមកថា គេមិនអាចបដិសេធនោះទេ ក្នុងការចូលរួមប្រកួត"។
ជាការពិតបើដូច Ole បានលើកឡើងនោះ សម្រាប់ Ronaldo អាចនឹងឈរជើងនៅ Man Utd ដល់អាយុ ៣៩ ឆ្នាំ ប្រសិនគ្មានការបន្តកុងត្រាថ្មី ហើយក្លឹបចុងក្រោយក្នុងអាជីពមុនចូលនិវត្តនៅអាយុជាង ៤០ ឆ្នាំ អាចនឹងផ្ទេរទៅ Sporting Lisbon ប៉ុន្មានឆ្នាំទៀតក៏ថាបាន ដើម្បីជាការតបស្នងនិងបំពេញបំណងម្តាយបង្កើត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក