អតីតជើងចាស់លោក Paul Scholes ដែលធ្លាប់រួមអាជីព ទាំងជាមួយវីរបុរសលោក Eric Cantona និងតារាឆ្នើម Cristiano Ronaldo ថ្មីៗនេះ បានបង្ហាញការយល់ឃើញ ពាក់ព័ន្ធនឹងការប្រៀបធៀបអ្នកទាំងពីរ ហើយជឿថា CR7 គឺនៅតែល្អជាង។
Scholes លើកហេតុផលចាក់ដោតត្រង់ថា របៀបនៃការហ្វឹកហាត់ នៃការខិតខំប្រឹងប្រែងរបស់កីឡាករព័រទុយហ្គាល់មើលទៅជាលក្ខណៈអាជីពជាងអតីតកីឡាករជើងចាស់សញ្ជាតិបារាំង។
អតីតខ្សែបម្រើនៅ United ខាងលើនិយាយ៖ "Eric គេពិតជាស្រដៀងគ្នា តែ Cristiano គេស្ថិតនៅកម្រិតខ្ពស់មួយជាង ដោយ Eric គេមិនមែនជាបុគ្គលដែលខិតខំខ្លាំងនៅការហ្វឹកហាត់ ឬជាអ្នកធ្វើលំហាត់ប្រាណកាយសម្បទាខ្លាំងក្លាអ្វីនោះទេ"។
លោកបន្តទៀតថា៖ "Cristiano គេធ្វើការហ្វឹកហាត់ខ្លួនឯងទាំងមុននិងក្រោយការប្រកួត ហើយច្បាស់ថាគេរឹងមាំសម្រាប់ការប្រកួតនៅ Premier League ខ្ញុំមិនធ្លាប់ឃើញបុគ្គលដែលពោរពេញដោយលក្ខណៈអាជីពដូច Cristiano ទេ ពោលគេធ្វើគ្រប់យ៉ាង ជាអ្វីដែលកីឡាករអង់គ្លេសមិនធ្លាប់បានឃើញពីមុនមក"។
គួរបញ្ជាក់ថា Cantona ធ្លាប់ជាកីឡាករចាយពេលនៅ Man Utd ចន្លោះឆ្នាំ ១៩៩២ ដល់ ១៩៩៧ មុនលោកប្រកាសចូលនិវត្ត។ ខណៈ Ronaldo ឈរជើងចន្លោះឆ្នាំ ២០០៣ ដល់ ២០០៩ ហើយបច្ចុប្បន្នត្រលប់មកចូលរួមជាលើកទី ២៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក