Bayern Munich នឹងត្រូវតតាំង Barcelona នៅការប្រកួតវគ្គចែកពូល UEFA Champions League រដូវកាលថ្មី ២០២១/២២ ហើយតាមកាលបរិច្ឆេទកំណត់សត្រូវចាស់ទាំងពីរនឹងត្រូវជួបគ្នាលើកដំបូងនៅថ្ងៃទី ១៥ កញ្ញាក្នុងទឹកដី Camp Nou មុនទៅប៉ះម្ចាស់ផ្ទះ Allianz Arena នៅថ្ងៃទី ៩ ធ្នូម្តងទៀត។
មុនឈានដល់ការប្រកួតសប្តាហ៍ក្រោយ អ្នកចាត់ការថ្មីរបស់ក្រុម Bayern គឺលោក Julian Nagelsmann ក៏បានបង្ហាញការយល់ឃើញមួយចំនួន ពាក់ព័ន្ធនឹងការប្រកួត ក៏ដូចជាការចាកចេញរបស់ Leo Messi កន្លងមក។
Nagelsmann និយាយ៖ "កីឡាករដ៏ល្អបំផុតគឺបានចាកចេញ កីឡាករដែលបានចារប្រវត្តិសាស្រ្តនៅក្លឹបជាច្រើនឆ្នាំ ដោយ Messi គេមានឥទ្ធិពលទាំងក្នុងនិងក្រៅទីលាន ក៏ដូចជាក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់ យ៉ាងណាការចាកចេញរបស់គេ ធ្វើឲ្យខ្ញុំគិតថា កំពុងមានកីឡាករមួយចំនួនដែលពួកគេហាក់មានសេរីភាពក្នុងការលេងជាងមុន ជាពិសេសអ្នកដែលបំពេញតំណែងរបស់ Messi លើទីលាន តែគ្រាន់ថាគ្រប់ក្រុមទាំងអស់បើមាន Messi គឺល្អជាងអត់ Messi"។
លោកបន្ថែមថា៖ "យើងកំពុងសម្លឹងមើលការត្រៀមប៉ះ Barcelona នៅសប្តាហ៍ក្រោយ យើងនឹងលេងនៅក្នុងទីក្រុងនិងកីឡដ្ឋានដ៏អស្ចារ្យ ដោយក្រុមទាំងពីរក៏មានវប្បធម៌ដ៏អស្ចារ្យ ហើយអ្នកគាំទ្រនៃក្រុមទាំងសងខាងនឹងបានប្រឈមមុខដាក់គ្នា"៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក