ក្លឹបបិសាចក្រហម Man Utd ពុំបានចាយលុយទិញផ្តាច់ Cristiano Ronaldo ពីក្លឹបអាណាព្យាបាល Juventus នោះទេ ដោយក្នុងកិច្ចព្រមព្រៀងដែលបានចរចាគឺភាគីក្លឹបអង់គ្លេស បានសម្រេចការទូទាត់រំលស់រយៈពេល ៥ ឆ្នាំឲ្យទៅក្លឹបអ៊ីតាលី។
បើតាមរបាយការណ៍ពី Fabrizio Romana បានឲ្យដឹងថា តម្លៃផ្ទេរ ១៥ លានអឺរ៉ូរបស់ Ronaldo សារនេះ គឺបិសាចក្រហមត្រូវទូទាត់ក្នុងមួយឆ្នាំ ៣ លានអឺរ៉ូ ឲ្យទៅ Juventus រហូតដល់ឆ្នាំ ២០២៦ ទើបដាច់។ បន្ថែមពីនេះ ក៏មានប្រាក់ឧបត្ថម្ភផ្សេងទៀតដល់ក្លឹបអ៊ីតាលី គឺអាចឡើងខ្ពស់បំផុតដល់ ៨ លានអឺរ៉ូ ស៊ីសងលើស្ថិតិនិងសមិទ្ធផលដែលកីឡាករអាចសម្រេចបាននៅ Old Trafford។ យ៉ាងណា Romano បានលម្អិតថា ប្រាក់ ៥ លានអឺរ៉ូ ប្រសិនជា Juve ងាយយកបាន តែ ៣ លានអឺរ៉ូផ្សេងទៀត វាស្មុគស្មាញនឹងសម្រេចបានបន្តិច។
គួរបញ្ជាក់ថា ការផ្ទេរមក Old Trafford សារនេះ គ្មានអ្វីដែលត្រូវខាតបង់សម្រាប់ Man Utd នោះទេ ដ្បិតបើពួកគេមិនអាចទុកជើង Ronaldo លក់ចេញទៅវិញបានលុយចំណេញនៅពេលក្រោយ តែនិយាយពីឥទ្ធិពលដែលកីឡាករព័រទុយហ្គាល់ពាំនាំមកកាន់ក្លឹប គឺវាធំធេងហួសលុយ ១៥ លានអឺរ៉ូនោះទៅហើយ។ ជាក់ស្តែងមានតាំងពីឥទ្ធិពលបង្កើនចំនួន Follower លើបណ្តាញសង្គម បង្កើនតួលេខលក់អាវ ក៏ដូចជាទីផ្សារភាគហ៊ុនក៏មានការកើនឡើងខ្ពស់ថែមទៀត។
តាមការរំពឹងទុក តារាឆ្នើមវ័យ ៣៦ ឆ្នាំ ទំនងជាបង្ហាញវត្តមានជាផ្លូវការនៅការប្រកួតទល់ក្លឹប Newcastle United នៅឯកីឡដ្ឋាន Old Trafford នាចុងសប្តាហ៍ខាងមុខនេះ ឬយូរបំផុតអាចពន្យារដល់ការប្រកួតនៅ Champions League ទល់ក្លឹប Young Boys នាពាក់កណ្តាលសប្តាហ៍ក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក