ការប្រកួត Premier League រដូវកាលថ្មី ២០២១/២២ បានឆ្លងកាត់ចំនួន ៣ ជុំហើយ ជាលទ្ធផលយើងឃើញថា ក្លឹប Tottenham Hotspur កំពុងនាំមុខកំពូលតារាងដោយមាន ៩ ពិន្ទុ ខណៈក្រុមមួយចំនួនផ្សេងទៀតមាន ៧ ពិន្ទុឈរលេខបន្ទាប់ដូចជា West Ham, Man Utd, Chelsea និង Liverpool។
យ៉ាងណាសម្រាប់លោក Ole Gunnar Solskjaer ដែលជាអ្នកចាត់ការនៅក្លឹបបិសាចក្រហម ត្រូវបានសារព័ត៌មាន TheSun ចុះផ្សាយថា លោកបានបង្ហើបប្រាប់អ្នកជិតស្និទ្ធថារដូវកាលថ្មី ២០២១/២២ លោកមិនខ្លាច Man City ដែលជាក្រុមការពារជើងឯកនោះទេ ហើយក៏មិនមែនជា Liverpool ដែរ តែលោកខ្លាចរអាក្រុមតោខៀវ Chelsea ជាង។
ដូចយើងបានឃើញស្រាប់ហើយក្រុមម្ចាស់ដី Stamford Bridge ចាប់តាំងពីការមកដឹកនាំរបស់លោក Thomas Tuchel ក្រុមទាំងមូលហាក់ប្តូរប្រព័ន្ធលេងទាំងស្រុង ដោយបើកឆាករដូវកាលដំបូងគ្រូសញ្ជាតិអាល្លឺម៉ង់ដឹកនាំឲ្យក្រុមឡើងដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ហើយបានក្លាយជាម្ចាស់ជើងឯក Champions League ដែលយកឈ្នះ Man City ១-០។
ការដែល Man Utd ត្រូវខ្លាច Chelsea គឺត្រូវម្យ៉ាងដែរ ជាពិសេសពេល Romelu Lukaku មកដល់ និងការដែលខ្ចីជើងបានគីឡូធ្ងន់ Saul Niguez មកម្នាក់ថែមទៀត។ យ៉ាងណាបិសាចក្រហមឯណេះក៏មិនណយដែរ ព្រោះពួកគេយកបានទាំងតំបន់ការពារថ្មី និងតំបន់ប្រយុទ្ធឈុតពិសេស ដូចជា Jadon Sancho និង Cristiano Ronaldo។
គួរបញ្ជាក់ថាការប្រកួតរវាងក្រុមតោខៀវ Chelsea និងបិសាចក្រហម Man Utd សម្រាប់រដូវកាល ២០២១/២២ Premier League ពួកគេនឹងត្រូវជួបគ្នាជើងទី ១ នៅថ្ងៃទី ២៧ វិច្ឆិកា នៅទឹកដី Stamford Bridge មុនបកទៅជួបនៅ Old Trafford នៅជើងទី ២ នាថ្ងៃទី ១៥ ឧសភាឆ្នាំក្រោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក