ដ្បិតយក Kylian Mbappe នៅរដូវក្តៅកន្លងទៅនេះ មិនបាន ក៏មិនមានន័យថា ក្លឹប Real Madrid អស់ឱកាសនោះដែរ ផ្ទុយទៅវិញវាជាយុទ្ធសាស្រ្តនាំផលចំណេញលើខ្ទង់ចំណាយទៅវិញទេ ព្រោះសុពលភាពកុងត្រាកីឡាករបារាំង ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ដែលមានន័យថា បណ្តាក្លឹបចង់បាន ត្រូវចរចាតែជាមួយភាគីកីឡាករប៉ុណ្ណោះ។
ដោយការចំណេញលើថ្លៃផ្ទេរជិត ២០០ លានអឺរ៉ូសារនេះ ក្លឹប Real Madrid ក៏បានរៀបចំមួយពេញចិត្តសម្រាប់ Mbappe លើកិច្ចព្រមព្រៀងធំៗដល់ទៅ ៧ ផ្សេងគ្នា សម្រាប់ឲ្យយុវជនវ័យ ២២ ឆ្នាំជ្រើសរើស ដើម្បីសម្រេចការផ្ទេរមកក្លឹបអេស្ប៉ាញនៅរដូវកាលក្រោយ។
បើតាមសារព័ត៌មាន ABC ចុះផ្សាយថា ក្លឹបយក្សមានមូលដ្ឋានក្នុងទីក្រុង Madrid គឺបានរៀបចំសំណើកុងត្រារយៈពេល ៦ ឆ្នាំដូចៗគ្នា ហើយជាមួយថ្លៃពលកម្ម ៣០ លានអឺរ៉ូក្នុងមួយរដូវកាល គ្រាន់ខុសត្រង់ប្រាក់ឧបត្ថម្ភនិងលក្ខខណ្ឌផ្សេងៗ។
យ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺប្រាក់ភាគលាភសម្រាប់អ្នករត់ការដែលជាឪពុកបង្កើតរបស់ Mbappe ផ្ទាល់ គឺក្លឹប Real Madrid សន្យានឹងផ្តល់ឲ្យដល់ទៅ ៦០ លានអឺរ៉ូ ប្រសិនអាចបញ្ចុះបញ្ចូលឲ្យខ្សែប្រយុទ្ធខាងលើសម្រេចការផ្ទេរមកក្លឹបនាពេលខាងមុខបាន។
គួរបញ្ជាក់ថា ប្រសិនណាកីឡាករមិនព្រមបន្តកុងត្រាថ្មីនៅក្លឹបបារាំងកំឡុងពេលខាងមុខទេនោះ មានន័យថា ភាគីក្លឹបដែលចង់បាន អាចចូលចរចាជាលក្ខណៈ Pre-Contract ជាបណ្តើរៗបានហើយ ពោលគឺចាប់ពីខែមករា ឆ្នាំ ២០២២ តទៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក