ខ្សែបម្រើរបស់ក្លឹប Granada គឺកីឡាករ Maxime Gonalons បានបង្ហាញការយល់ឃើញថា ការលេងទល់ Lionel Messi នៅលើទីលានប្រកួត គឺជារឿងដ៏ស្មុគស្មាញបំផុតសម្រាប់ខ្លួន តែយ៉ាងណាក៏ខ្លួនអាចបង្ហើបពីបទពិសោធន៍ខ្លះៗដែរ សម្រាប់កីឡាករនៅលីគបារាំងដែលនឹងត្រូវជួប Messi ញឹកនៅរដូវកាល ២០២១/២២។
Gonalons ពន្យល់ថា៖ "តើយើងអាចបញ្ឈប់ Messi បានដែរឬទេ? ការពិតទៅគឺវាស្មុគស្មាញខ្លាំងបំផុត តែត្រូវចាំ អ្វីដែលយើងអាចធ្វើបាន គឺព្យាយាមរំខានគាត់តាមដែលអាចធ្វើទៅបាន ខ្ញុំមានឱកាសលេងនៅការប្រកួតធំមួយចំនួន ហើយក៏ប៉ះកីឡាករកំពូលច្រើនដែរ តែជាមួយ Messi គាត់ដូចជាមនុស្សក្រៅភពអ៊ីចឹង"។
លោកបន្តថា៖ "វាតែងតែពិបាក ការដែលយើងប្រៀបធៀប Messi ទៅនឹងកីឡាករដទៃ ព្រោះគាត់លែងត្រូវបានរាប់បញ្ចូលហើយ ដោយសារគាត់អស្ចារ្យពេក រៀងរាល់ពេលគាត់បញ្ជូនបាល់ គាត់នឹងបម្លាស់ទីភ្លាមៗ ដូច្នេះអ្នកត្រូវព្យាយាមតាមប្លុកគាត់ ដាក់ដៃរបស់អ្នកដើម្បីរារាំងមិនឲ្យគាត់បម្លាស់ទីបាន ព្រោះគាត់មាំណាស់"។
"ពេលគាត់បញ្ជូនបាល់ចេញពីជើងហើយ ការបម្លាស់ទីទៅមុខរបស់គាត់ គឺមានការផ្លាស់ប្តូរទិសដៅនិងល្បឿនគួរឲ្យចាប់អារម្មណ៍ ដូច្នេះក្នុងកាលៈទេសៈនេះអ្នកត្រូវដាក់ដងខ្លួនឲ្យត្រូវទិសដៅរបស់គាត់ និងមិនអាចបង្កកំហុសធ្ងន់ពេកបានទេ"។
រំឭកថា Messi និង Gonalons បានជួបតតាំងគ្នាច្រើនដងមកហើយ ពេលកីឡាករអាហ្សង់ទីននៅប្រកបអាជីពក្នុងលីគកំពូលអេស្ប៉ាញ។ លើកចុងក្រោយដែល Messi ជួបគេ គឺនៅវគ្គ ៨ ក្រុមចុងក្រោយពាន Copa del Rey ឆ្នាំទៅ ដែលកលានោះ M10 ចូលរួម Assist បាន ២ គ្រាប់ជួយ Barcelona យកឈ្នះ ៥-៣៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក