តើ Paris Saint-Germian កំពុងជាន់លើច្បាប់ FFP ដែរឬទេ? សំណួរនេះវិលវល់គ្មានចម្លើយ ហើយក៏មិនមាននរណាអាចឆ្លើយឲ្យច្បាស់បានដែរ ព្រោះនៅលីគកំពូលបារាំង មើលទៅហាក់ធូររលុងជាងលីគកំពូលដទៃ។
PSG បានចាយថ្លៃពលកម្មក្រាស់ក្រែលទៅលើកីឡាករចំណូលថ្មីជាច្រើននៅរដូវក្តៅនេះ មានតាំងពី Leo Messi, Sergio Ramos, Georginio Wijnaldum, Achraf Hakimi និង Gianluigi Donnarumma ជាដើម។ នេះមិនទាន់រាប់បញ្ចូលកីឡាករកំពូលមួយចំនួន ដែលមានឈ្មោះនៅក្លឹបស្រាប់ផង។
អ្វីដែលហួសចិត្តទៅទៀតនោះ PSG អាចចុះឈ្មោះកីឡាករឈុតធំបានដល់ទៅ ៣៣ រូបទៅក្នុងក្របខ័ណ្ឌ Ligue 1 វាខុសពីលីគដទៃដូចជា LaLiga Santander ឬ Premier Leauge ធ្វើបានក្រោម ២៥ រូប។ បើតាមរបាយការណ៍ពី TransferMarkt ប្រព័ន្ធកីឡាកររបស់ក្លឹបសេដ្ឋីបារាំង គឺឡើងឈរឈ្មោះជាក្លឹបមានតម្លៃថ្លៃបំផុតលំដាប់ទី ២ ហើយដល់ទៅ ៩៩៨,៩៥ លានអឺរ៉ូ ពោលក្រោម Man City មួយប៉ុណ្ណោះ ថ្លៃ ១ ០០៤ លានអឺរ៉ូ។
ងាកទៅមើលក្លឹបដទៃ ហាក់នៅមិនសុខនោះទេ តួយ៉ាងដូចក្លឹប Marseille ស្ថិតនៅលីគតែមួយ ពួកគេបែរជាមិនអាចចុះឈ្មោះកីឡាករថ្មី Amine Harit លុះត្រាណាតែ Alvaro Gonzalez និង Pol Lirola ព្រមកាត់បន្ថយថ្លៃពលកម្មរបស់ពួកគេ មិនដូច្នោះទេនឹងល្មើសច្បាប់ហិរញ្ញវត្ថុ។ ប៉ុន្តែទៅមើល PSG ខ្ទង់ចំណាយឡើងក្រាស់ តែបែរជាមិនអី។ ក្លឹបទាំងអស់នៅ Ligue 1 កំពុងនៅមិនសុខ ដោយគិតថា PSG ដូចជាជាន់លើច្បាប់ ហើយពួកគេសឹងតែដូចជាអ្នកគ្រប់គ្រងច្បាប់នោះទៅហើយ ដោយចង់ធ្វើបែបណាក៏តាមតែចិត្ត។
អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត ក្លឹបក៏បានប្រកាសដែរពីការខាតបង់ចំណូលជាង ២០០ លានអឺរ៉ូ កំឡុងពេលផ្ទុះជំងឺរាតត្បាត COVID-19 តែហេតុអ្វីបានជានៅតែមានលុយមកចាយលើកីឡាករដូចមិនមានបញ្ហាអីសោះ ហើយចាយលើសពីមុនទៅទៀត? តើជាលុយខ្មៅដែលសេដ្ឋីកាតាបោះទុនពីខាងក្រៅចូលមកឬបែបណា? បើជាបែបនោះពិតមែន បាល់ទាត់នៅបារាំងមើលទៅដូចជាលែងមានភាពស្មើគ្នាហើយ មួយទៀតក្លឹបអ្នកមាន និងក្លឹបអ្នកក្រ នឹងមានប្រៀបដាច់គ្នាឆ្ងាយទៅតាមទឹកលុយមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក