ឥទ្ធិពលរបស់ Cristiano Ronaldo ដូចប្រិយមិត្តបានឃើញនៅរយៈពេលចុងក្រោយនេះហើយ គឺបានពាំនាំភាពវិជ្ជមានជាច្រើនសម្រាប់ក្លឹបបិសាចក្រហម Man Utd ដែលនេះមិនទាន់ទាំងលេចវត្តមានជាផ្លូវការទៅក្នុងការប្រកួតផង។
កំណើនអ្នកគាំទ្រលើបណ្តាញសង្គម តម្លៃទីផ្សារភាគហ៊ុន ក៏មានការកើនឡើង ហើយក្រឡេកមកមើលការលក់អាវឯណេះវិញ គឺក្រុមហ៊ុន Adidas ផ្គត់ផ្គង់ទៅឲ្យក្លឹប Man Utd លែងទាន់ហើយ បន្ទាប់ពីតម្រូវការហក់ឡើងដូចទឹកបាក់ទំនប់។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Independent បានឲ្យដឹងថា រោងចក្រកាត់ដេរសំលៀកបំពាក់កីឡារបស់ Adidas គឺស្ថិតនៅប្រទេសវៀតណាម ដែលជាប្រទេសជិតខាងក្បែរកម្ពុជា ហើយពេលនេះពួកគេកំពុងជួបបញ្ហារីករាលដាលជំងឺ COVID-19 ទ្រង់ទ្រាយធំ ទើបនាំឲ្យចង្វាក់ផលិតកម្មមានភាពយឺតយ៉ាវ។ វាជួនពេលដែលសន្ទុះនៃការបញ្ជាទិញមានការកើនឡើងផង ហើយរោងចក្រពេលនេះបិទទ្វារ មិនទាន់បើកដំណើរការផងនោះ ក៏នាំឲ្យក្លឹបកំពុងខ្វះអាវលក់ឲ្យអ្នកគាំទ្រ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Adidas និយាយប្រាប់ The Independent ដូច្នោះថា៖ "យើងកំពុងសហការជាមួយ Man Utd ក្នុងការព្យាយាមបំពេញតម្រូវការដ៏ច្រើនលើសលប់របស់អ្នកគាំទ្រ ជាមួយនឹងការរចនាថ្មីរបស់យើង តែរំពឹងនឹងអាចផ្គត់ផ្គង់នៅតួលេខទាប"។
គួរបញ្ជាក់ថា បើតាមដឹងតម្លៃអាវ Original ដែលលក់ចេញពីក្លឹប គឺចូលខ្ទង់ ១០០ ដុល្លារឯណោះ ដោយមានអាវក្នុងឬក្រៅដីមួយ ជាមួយនឹងជម្រើសឈ្មោះ ក៏ដូចជាលេខសម្គាល់របស់កីឡាករដែលខ្លួនពេញចិត្ត ហើយពេលចុងក្រោយនេះអាវរបស់ Ronaldo មានការបុកបញ្ជាទិញច្រើន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក