តាមរយៈពណ៌នៃសម្លៀកបំពាក់ដែលអ្នកនិយមពាក់ និងចូលចិត្តជាងគេ អាចបង្ហាញច្បាស់ ពីចរិត និងបុគ្គលិកលក្ខណៈខាងក្នុងរបស់មនុស្សស្រី។ តោះ! តើអ្នកចូលចិត្តពណ៌អីជាងគេ ?
ពណ៌ខៀវតំណាងឱ្យភាពស្មោះត្រង់ សន្តិភាព ភាពជឿជាក់ និងជោគជ័យ។ វាជាពណ៌ដែលធ្វើឱ្យអ្នកដែលនៅជុំវិញអ្នកមានអារម្មណ៍ស្រួលតាមអ្នកផងដែរ។
ខៀវ គឺជាពណ៌ដែលគេនិយមប្រើ សម្រាប់ការសម្ភាសន៍ការងារ។ វាក៏បង្ហាញពីអារម្មណ៍នៃ "ការគ្រប់គ្រង" ហើយត្រូវបានគេចាត់ទុកថាជាពណ៌មួយដ៏ល្អបំផុតក្នុងការពាក់នៅក្នុងព្រឹត្តិការណ៍សាជីវកម្មផងដែរ។ យ៉ាងណាមិញ មនុស្សស្រីគប្បីពិចារណាក្នុងការស្លៀកសម្លៀកបំពាក់ពណ៌ខៀវ សិចស៊ីក្នុងពេលដែលណាត់ជួបជាមួយគូស្នេហ៍ដើម្បីធ្វើឱ្យអ្នក និងគាត់ទទួលបាននូវអារម្មណ៍ស្ងប់ និងកក់ក្ដៅចំពោះគ្នា។ ពណ៌នេះរួមផ្សំជាមួយនឹងការរចនានៃការឱបរាងកាយ វាពិតជាទាក់ទាញ និងបង្កើតឱ្យមានភាពផ្ទុយស្រឡះ ប៉ុន្តែក៏ផ្តល់នូវទំនុកចិត្តលើភាពស្មោះត្រង់របស់អ្នកចំពោះដៃគូរបស់អ្នកផងដែរ។
នៅពេលគិតដល់ពណ៌ក្រហម មនុស្សភាគច្រើនភ្ជាប់ស្នេហា និងចំណង់ចំណូលចិត្តរួចជាស្រេចហើយ។ ប្រសិនបើអ្នកចូលចិត្តស្លៀកពណ៌ក្រហម វាក៏បង្ហាញថាអ្នកជាមនុស្សសកម្ម មានឆន្ទៈខ្ពស់ តែក៏មានចរិតឆេវឆាវបន្តិចហើយ ហើយក៏អាចនឹងមានចិត្តឈ្លានពានលើអ្នកដទៃបន្តិចដែរ។ យ៉ាងណាមិញ សម្រាប់អ្នកនិយមពណ)ក្រហមនេះ ក៏បង្ហាញថា អ្នករីករាយនឹងជីវិតរបស់អ្នកជាខ្លាំង ហើយជួនកាលអ្នកសុខចិត្តប្រថុយគ្រោះថ្នាក់ ដើម្បីប្ដូរយកនូវអ្វីដែលអ្នកត្រូវការផងដែរ។
អ្នកជាមនុស្សដែលចូលចិត្តប្រថុយប្រថាន ការសាកល្បងនូវអ្វីដែលថ្មីៗ ដើម្បីបោះជំហានទៅមុខបន្ត។ អ្នកស្លៀកពណ៌ក្រហម ព្រោះអ្នកចូលចិត្តទាក់ទាញការចាប់អារម្មណ៍ វាធ្វើឱ្យអ្នកក្លាយជាចំណុចកណ្តាលនៃការយកចិត្តទុកដាក់ និងបញ្ជូនភាពជឿជាក់ និងភាពសិចស៊ីទៅអ្នកដែលនៅជុំវិញអ្នក។ ម្យ៉ាងទៀត ពណ៌នេះ ក៏ជាពណ៌រំញោចអារម្មណ៍ផងដែរ ដូច្នេះសូមជ្រើសរើសពណ៌ក្រហមសិចស៊ី ប្រសិនបើអ្នកចង់ធ្វើឱ្យមានភាពទាក់ទាញ និងភាពក្លាហានរបស់ដៃគូរបស់អ្នកនៅពេលណាត់ជួប។
ពណ៌លឿងនាំមកនូវថាមពលវិជ្ជមានដល់មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក។ ប្រសិនបើ ជារឿយៗ អ្នកពាក់អាវពណ៌លឿងវាមានន័យថា អ្នកមានភាពស្វាហាប់ ច្នៃប្រឌិត និងគួរឱ្យចាប់អារម្មណ៍។ វាជះឥទ្ធិពលដល់ភាពវៃឆ្លាត ដូច្នេះអ្នកគួរតែពាក់ពណ៌នេះនៅថ្ងៃធ្វើការ ដើម្បីប្រើប្រាស់ថាមពល និងគំនិតច្នៃប្រឌិត លុបបំបាត់នូវអារម្មណ៍តានតឹង និងស្ត្រសរបស់អ្នក។
ពណ៌លឿងក៏ជួយបង្កើនការផ្តោតអារម្មណ៍ផងដែរ ជាមូលហេតុដែលយើងឃើញថាវាត្រូវបានគេប្រើជាចំណាំស្អិត និងសញ្ញាសម្គាល់។ ទោះជាយ៉ាងណាក៏ដោយ សូមកុំធ្វើឱ្យវាហួសប្រមាណ ព្រោះការស្លៀកពាក់ខោអាវពណ៌លឿងអាចធ្វើឱ្យអ្នកឆាប់ខឹង។
ពណ៌បៃតងគឺជាពណ៌ដែលធ្វើឱ្យភ្នែក និងខួរក្បាលស្ងប់ស្ងៀម បង្កើតអារម្មណ៍សុខុមាលភាព។ ប្រសិនបើអ្នករកឃើញតុរប្យួរខោអាវរបស់អ្នកភាគច្រើនមានពណ៌នេះ ទំនងជាអ្នកចង់ឱ្យមនុស្សគ្រប់គ្នាចូលចិត្ត និងទទួលស្គាល់អ្វីដែលជាអ្នក។ វាក៏បញ្ជាក់ផងដែរថា អ្នកមានបេះដូងទន់ភ្លន់ និងកក់ក្តៅ និងមានមន្តស្នេហ៍ តែក៏អាថ៌កំបាំងបន្តិចហើយ។
មនុស្សដែលចូលចិត្តពាក់ពណ៌បៃតង ច្រើនតែមានជីវភាពសង្គមសកម្ម ទាមទារឱ្យមានគុណភាពជីវិតល្អ ថែរក្សាកេរ្តិ៍ឈ្មោះ និងហិរញ្ញវត្ថុ។ វាក៏ជាពណ៌ដែលភ្ជាប់ទំនាក់ទំនងសង្គមជាមួយនឹងធម្មជាតិ ដែលអាចមានន័យថា អ្នកមានការយល់ដឹងខ្ពស់ពីបរិស្ថាន និងដើមឈើ។
នេះគឺជាពណ៌មួយដ៏ស្រស់ស្អាតបំផុត ដែលវាបញ្ចេញនូវភាពប្រណិត និងល្អឥតខ្ចោះ។ សម្លៀកបំពាក់ពណ៌ខ្មៅមានប្រជាប្រិយភាពខ្លាំងណាស់ចំពោះស្ត្រី ព្រោះវាផ្តល់នូវអារម្មណ៍សុខស្រួលសម្រាប់នាង ជាពិសេសគឺឃើញរាងកាយស្គមផងដែរ។ ខ្មៅតំណាងឱ្យថាមពលភាពឆើតឆាយ និងភាពប្រណីត។
នៅពេលពាក់នៅកន្លែងធ្វើការ វាបង្កើតអារម្មណ៍នៃភាពជាអ្នកដឹកនាំ ហើយនៅពេលណាត់ជួបសម្លៀកបំពាក់ពណ៌ខ្មៅសិចស៊ី គឺជាស្ទីលដ៏ស្រស់ឆើតសម្រាប់មនុស្សស្រី។ ទោះជាយ៉ាងណាក៏ដោយ សម្លៀកបំពាក់ពណ៌ខ្មៅទាំងអស់អាចធ្វើឱ្យអ្នកមើលទៅស្ងប់ស្ងៀមខ្លាំង និងមិនសូវទទួលបានការរាក់ទាក់ពីអ្នកជុំវិញឡើយ។ ដូច្នេះជ្រើសរើសគ្រឿងបន្លាស់ពីរបីពណ៌ ឬវាយនភាពផ្សេងដើម្បីផ្គូរផ្គង។
ពណ៌សតំណាងឱ្យភាពបរិសុទ្ធ ភាពសាមញ្ញ និងសុទិដ្ឋិនិយម។ ប្រសិនបើសម្លៀកបំពាក់ពណ៌ស ជាចំណូលចិត្តរបស់អ្នកវាបង្ហាញថា អ្នកជាមនុស្សគួរឱ្យទុកចិត្ត មានចិត្តល្អ សេរី និងសុទិដ្ឋិនិយមចំពោះជីវិត។ អ្នកចូលចិត្តការចាប់ផ្តើមស្រស់ៗ ចេះពេញចិត្តក្នុងការស្តាប់ និងចូលចិត្តរស់នៅក្នុងជីវិតដែលល្អឥតខ្ចោះ។ ការបញ្ចូលគ្រឿងបន្លាស់ដែលមានពណ៌ពីរបីអាចបន្ថែមការស្វាគមន៍ដល់ក្រុម ឬសម្លៀកបំពាក់ពណ៌សរបស់អ្នក។
ជាប្រពៃណីពណ៌ស្វាយតំណាងឱ្យភាពទំនើប ទ្រព្យសម្បត្តិ និងភាពប្រណីត។ នៅក្នុងជីវិតទំនើបវាបង្ហាញពីការច្នៃប្រឌិត ភាពទាក់ទាញជម្រៅ និងចំណង់ចំណូលចិត្តចំពោះសិល្បៈ។ ពណ៌ស្វាយ គឺជាការលាយពណ៌ក្រហម និងខៀវ។ មនុស្សដែលត្រូវបានគេទាក់ទាញពណ៌នេះគឺចម្រុះ មិនអាចទាយទុកជាមុនបាន ស្ងប់ស្ងាត់ និងផ្សាភ្ជាប់និស្ស័យ។ មិនមែនមនុស្សគ្រប់គ្នាអាចយកឈ្នះពណ៌ស្វាយទេ ដូច្នេះវាត្រូវការទំនុកចិត្តច្រើនដើម្បីអាច "ថ្លឹងថ្លែង" សម្លៀកបំពាក់ខាងក្រៅនៃពណ៌នេះ។
ពណ៌ផ្កាឈូកតំណាងឱ្យបុគ្គលិកលក្ខណៈទន់ភ្លន់ រីករាយ និងអារម្មណ៍ស្រាល។ ប្រសិនបើតុរប្យួរខោអាវរបស់អ្នកពោរពេញទៅដោយពណ៌ផ្កាឈូកនេះ វាបង្ហាញថាអ្នកជាមនុស្សម្នាក់ដែលឱ្យតម្លៃចំពោះសេចក្តីសប្បុរស និងការលួងលោមជាងអ្វីៗទាំងអស់។ វាក៏បង្ហាញផងដែរថា អ្នកជាមនុស្សងាយរងគ្រោះដែលមិនអាចទ្រាំទ្រនឹងអំពើហឹង្សា ឬភាពសាហាវឃោរឃៅបានទេ។ ពណ៌ផ្កាឈូកក៏ជាពណ៌នៃសេចក្ដីស្រឡាញ់ដូចជាពណ៌ក្រហម ប៉ុន្តែមិនសូវដិតទេ។
មានមនុស្សស្រីតិចតួចណាស់ ដែលចូលចិត្តពណ៌ទឹកក្រូចនេះ ដូច្នេះប្រសិនបើអ្នកពិតជាចូលចិត្តពណ៌នេះវាបង្ហាញថា អ្នកមានភាពស្វាហាប់ រស់រវើក ហើយជារឿយៗបង្កើតបរិយាកាសពិធីជប់លៀងជាញឹកញាប់ ដើម្បីទទួលបាននូវអារម្មណ៍រីករាយ នៃការជួបជុំផងដែរ។ ទន្ទឹមនឹងនេះ វាក៏ផ្តល់នូវអារម្មណ៍កក់ក្តៅ រួសរាយរាក់ទាក់ និងបំផុសគំនិតច្នៃប្រឌិតទៀតផង។
ពណ៌ត្នោតតំណាងឱ្យផែនដី និងធម្មជាតិ។ នៅពេលស្លៀកឈុតពណ៌ត្នោតអ្នកតំណាងឱ្យស្ថិរភាព និងភាពជឿជាក់។ វាបង្ហាញថាអ្នកជាមនុស្សវៃឆ្លាត ចេះវែកញែក ចៀសពីការប្រញាប់ប្រញាល់ចូលទៅក្នុងរឿងអវិជ្ជមាន ហើយធ្វើតែរឿងដែលសមហេតុផលតែប៉ុណ្ណោះ។ ការស្រាវជ្រាវបង្ហាញថា ពណ៌ត្នោតមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងមនុស្សជាតិជាងពណ៌ផ្សេងៗទៀត។
ពណ៌ប្រាក់និយាយពីភាពទំនើប និងស្ទីលទាន់សម័យ។ ប្រាក់គឺជាសញ្ញាមួយដែលបង្ហាញថាអ្នកពាក់គឺមានចំណូលចិត្តក្នុងការផ្សងព្រេង និងត្រៀមខ្លួនសម្រាប់ការប្រកួតប្រជែងណាមួយ។ វាក៏ជានិមិត្តរូបនៃស្ថិរភាពអារម្មណ៍ និងការលុបបំបាត់ភាពអវិជ្ជមានផងដែរ។
ពណ៌ប្រផេះគឺជាពណ៌ស្រាល និងឆើតឆាយមួយបែបផ្សេង។ វាបង្ហាញថាអ្នកជាមនុស្សដែលចេះបន្ទាបខ្លួន ជាធម្មតាមានអព្យាក្រឹតភាពនៅក្នុងចរិត និងជំនឿរបស់អ្នក។ អ្នកស្លៀកពណ៌ប្រផេះ ពីព្រោះអ្នកមិនចង់ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួនឡើយ ព្រោះអ្នកជាមនុស្សដែលចូលចិត្តរក្សាភាពឯកជន ចូលចិត្តជីវិតបែបស្ងប់ស្ងាត់។ ប្រសិនបើតុរប្យួរខោអាវរបស់អ្នកមានពណ៌ប្រផេះទាំងអស់ អ្នកគួរតែលាយវាជាមួយពណ៌ផ្សេងទៀតដើម្បីឱ្យមានតុល្យភាពរូបរាងរបស់អ្នកឡើងវិញ៕
ប្រភព ៖ iOne/Knongsrok