ទោះបីជាមិនមានមូលដ្ឋានវិទ្យាសាស្ត្រ ដែលត្រូវបានបង្ហាញយ៉ាងណាក៏ដោយ ជាទូទៅបបូរមាត់នៅតែអាចប្រាប់ពីវាសនាអនាគតរបស់មនុស្សម្នាក់ៗបានដូចគ្នាដែរ។ តោះ! ក្រឡេកមើលបបូរមាត់របស់អ្នក តើនឹងអាចបញ្ជាក់អ្វីខ្លះ ដែលទាក់ទងនឹងអ្នក?
១. បបូរមាត់ខាងលើក្រាស់ជាងបបូរមាត់ខាងក្រោម
តាមទស្សនៈរបស់មនុស្សវិទ្យា មនុស្សដែលមានបបូរមាត់ខាងលើក្រាស់ជាងបបូរមាត់ក្រោម ត្រូវបានមនុស្សជាច្រើនស្រឡាញ់ និងចូលចិត្តយ៉ាងខ្លាំង។ ពួកគេជាមនុស្សដែលសុខចិត្តលះបង់ដើម្បីប្រយោជន៍មិត្តភក្តិ និងសមូហភាព។ បុគ្គលិកលក្ខណៈរបស់មនុស្សទាំងនេះ មានលក្ខណៈសេរីល្អ និងសុចរិតណាស់។
ទោះជាយ៉ាងណាក៏ដោយ មនុស្សទាំងនេះមិនល្អក្នុងការបង្ហាញអារម្មណ៍របស់ពួកគេ ទៅកាន់មនស្សជុំវិញខ្លួនទេ។ ពួកគេខ្វះភាពវាងវៃ ភាពប៉ិនប្រសព្វខាងទំនាក់ទំនង និងងាយបាត់បង់ឱកាសជាច្រើន។
ចំពោះអ្នកខាងក្រៅដែលក្រឡេកមើលមនុស្សដែលមានបបូរមាត់បែបនេះ នឹងត្រូវចាត់ទុកថាពិបាកក្នុងការចូលទៅជិតណាស់។ ក្នុងរឿងស្នេហាពួកគេងាយយល់ច្រឡំពីភាគីម្ខាងទៀត ដោយសារតែចរិតមិនចូលចិត្តនិយាយ ឬបកស្រាយអ្វី ទើបធ្វើឱ្យដៃគូតែងតែមានការយល់ច្រឡំ។
២. បបូរមាត់ខាងលើស្ដើងជាង បបូរមាត់ខាងក្រោម
មនុស្សទាំងនេះ គឺជាមនុស្សដែលមានមនោសញ្ចេតនាជ្រាលជ្រៅ អ្នកងាយនឹងទទួលបានការអាណិតអាសូរពីអ្នកដទៃដែលនៅជុំវិញខ្លួន។ សន្តិភាព និងភាពសុខដុម គឺជាបាវចនាជីវិតរបស់អ្នក ដូច្នេះកម្រមានទំនាស់ និងការឈ្លោះប្រកែកគ្នារវាងអ្នក និងមនុស្សនៅជុំវិញអ្នកណាស់។
នៅក្នុងរឿងស្នេហា អ្នកដែលមានទម្រង់បបូរមាត់បែបនេះ ជាមនុស្សដែលសាវាគួរសម។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានបបូរមាត់បែបនេះ អ្នកអាចជាមនុស្សម្នាក់ដែលមានការផ្លាស់ប្តូរបេះដូង ឬដៃគូស្នេហាជាញឹកញាប់ណាស់។
បើនិយាយពីការងារវិញ មនុស្សទាំងនេះពិតជាមានសំណាងក្នុងការរកលុយបានច្រើន ប៉ុន្តែដោយសារតែភាពមិនច្បាស់លាស់ ពួកគេច្រើនតែមិនចេះឆ្លៀតយកឱកាសដែលខ្លួនទទួលបាននោះឡើយ។ ពួកគេងាយនឹងបញ្ឈប់ ប្រសិនបើការងាររបស់ពួកគេមានបញ្ហាណាមួយ។
យ៉ាងណាមិញ អ្នកដែលមានរាងបបូរមាត់នេះ គួរតែរៀនគ្រប់គ្រងអារម្មណ៍ឱ្យបានច្រើន កុំចេះតែបណ្ដែតបណ្ដោយឱ្យគ្រប់យ៉ាងត្រូវបាត់បង់ ព្រោះតែអារម្មណ៍ឆេវឆាវទាំងនេះ។
៣. បបូរមាត់ក្រាស់
មនុស្សដែលមានបបូរមាត់ក្រាស់ គឺជាអ្នកដែលរស់នៅដោយស្មោះត្រង់ និងមានសន្ដានចិត្តល្អខ្លាំង។ ពួកគេជាមនុស្សដែលឱ្យតម្លៃលើអារម្មណ៍ ដូច្នេះពួកគេត្រូវបានមនុស្សជាច្រើនស្រឡាញ់។ យោងទៅតាមវិទ្យាសាស្ត្រនរវិទ្យា ពួកគេគឺជាមនុស្សដែលមានសំណាងល្អ ហើយពួកគេងាយនឹងទទួលបានជំនួយក្នុងការលំបាក។
ក្រៅពីនេះ ពួកគេមានសំណាងណាស់ក្នុងការទាក់ទងនឹងអាហារ និងភេសជ្ជៈ។ មនុស្សទាំងនេះកម្រនឹងមានការព្រួយបារម្ភអំពីម្ហូបអាហារ និងការសម្លៀកបំពាក់ណាស់។ ដើម្បីទទួលបានជោគជ័យមនុស្សទាំងនេះគួរតែក្លាហានជាងនេះបន្តិច។ អ្នកមានសមត្ថភាព ប៉ុន្តែខ្វះទំនុកចិត្ត។
៤. បបូរមាត់ស្តើង
មនុស្សដែលមានបបូរមាត់ស្ដើង គឺជាមនុស្សដែលមានចិត្តត្រជាក់ និងស្ងប់ស្ងាត់។ ទោះបីជាមិនមានចេតនាក៏ដោយ មនុស្សនេះច្រើនតែធ្វើឱ្យអ្នកខាងក្រៅមានអារម្មណ៍ថា ពិបាកនឹងចុះសម្រុងជាមួយនឹងពួកគេណាស់។
គុណប្រយោជន៍របស់មនុស្សទាំងនេះ គឺស្ងប់ស្ងៀម មានហេតុផលក្នុងគ្រប់សកម្មភាព។ ដូច្នេះជាមួយនឹងមនុស្សទាំងនេះ កម្រនឹងធ្វើអ្វីឱ្យកើតមានជាកំហុសណាស់។ ទោះយ៉ាងណាក៏ដោយ កង្វះភាពរួសរាយរាក់ទាក់ ក៏អាចជាបញ្ហារារាំងដល់កិច្ចការងាររបស់អ្នក ជាមួយនឹងមនុស្សជុំវិញខ្លួនផងដែរ៕
ប្រភព ៖ Phunutoday/Knongsrok