ភ្នំពេញ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១៖ ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្រ្តីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អដែលជួយឱ្យលោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ការជ្រើសតាំងនេះបានផ្តល់ឱកាសមួយដែលជួយឱ្យលោក លោក អ៊ែល ម៉ាត់ ដែលជាថ្នាក់ដឹកនាំសាសនាអ៊ីស្លាមនៅក្នុងភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ឆ្លងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដើម្បីចូលរួមជាមួយនឹងបេក្ខជន និងបេក្ខនារី ៩នាក់ផ្សេងទៀត សម្រាប់ការទទួលបានឱកាសក្លាយជាជ័យលាភីជាមួយនឹងប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ចាប់តាំងពីឆ្នាំ១៩៩៣មក ជាពេលដែលលោកបានចូលជាសមាជិកវិហារអ៊ីស្លាមក្នុងភូមិរបស់លោក លោកតែងចូលចិត្តជួយដល់ប្រជាពលរដ្ឋជាទូទៅតាមដែលលោកអ្នកធ្វើទៅបាន។
ក្នុងឆ្នាំ២០០០ នៅពេលដែលលោក អ៊ែល ម៉ាត់ ត្រូវបានតែងតាំងជាអ៊ីមាំម៉ាស្ជិត លោកក៏បានប្រើតួនាទីថ្មីរបស់លោក ដើម្បីជួយដល់ជនក្រីក្រខ្វះខាត ក្មេងកំព្រា និងមនុស្សស្ទើរគ្រប់គ្នាក្នុងសហគមន៍របស់គាត់ ដោយទទួលបានថវិកាពីសមាគមប្រភពល្អកម្ពុជា សមាគមគ្រូពេទ្យអ៊ីស្លាមកម្ពុជា និងសប្បុរសជននានា។
លោក អ៊ែល ម៉ាត់ បានមានប្រសាសន៍ថា៖ “ខ្ញុំចូលមកបម្រើការនៅក្នុងភូមិគឺមានចិត្តមួយអាណិតដល់ស្រីមេម៉ាយ និងក្មេងកំព្រា ហើយខ្ញុំក៏ទាក់ទងទៅសមាគមឱ្យគេជួយចិញ្ចឹម ជួយឧបត្ថម្ភផ្សេងៗ”។
ក្នុងនាមជាខ្មែរអ៊ីស្លាមម្នាក់ ការជួយដល់គេឯងនេះក៏ជាផ្នែកសំខាន់មួយផងដែរទាំងនៅក្នុងសាសនា និងជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ផងដែរ។
ទាំងនេះហើយជាមូលហេតុដែលលោក កូប ហាសាន់ បានជ្រើសតាំងលោក អ៊ែល ម៉ាត់ ឱ្យចូលរួមក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
លោក កូប ហាសាន់ បានថ្លែងថា៖ “ខ្ញុំជ្រើសរើសយកគាត់ គឺដោយសារគាត់ធ្វើការអត់ចង់បានអ្វីទាំងអស់សូម្បីតែប្រាក់ខែក៏គ្មានដែរ។ ខ្ញុំឃើញគាត់ប្រឹងប្រែងធ្វើមែនទែន ខ្ញុំជាយុវជនខ្ញុំខ្មាស់គាត់មែនទែនព្រោះខ្ញុំធ្វើអត់បានដូចគាត់។ មិនមែនថាយើងចង់អំនួតប្រាប់គេថាយើងជាមនុស្សល្អ ១០០% នោះទេ គ្រាន់តែយើងចង់ឲ្យអ្នកដទៃគេខំប្រឹងធ្វើល្អដែរ”។
លោកយាយ ហ៊ីម ស៊ាស់ អាយុ ៧៣ឆ្នាំ និងស្វាមីរបស់លោកយាយឈ្មោះ ស្មាន ហ៊ីម អាយុ ៧៥ ដែលស្ថិតក្នុងវ័យជរាមិនអាចដើរបាន គ្រាន់តែជាមនុស្សពីរនាក់ប៉ុណ្ណោះនៅក្នុងសហគមន៍របស់គាត់ដែលលោក អ៊ែល ម៉ាត់ បានជួយ។ លោកយាយបានរៀបរាប់ថា លោក អ៊ែល ម៉ាត់ ជួយមនុស្សជាច្រើននៅភូមិ ដោយគាត់ផ្តោតអាទិភាពលើអ្នកក្រ កុមារកំព្រា ស្រ្តីមេម៉ាយ និងមនុស្សចាស់ជរា ហើយលោកយាយទទួលបានជំនួយជាស្បៀងអាហារ និងថវិកាខ្លះពីគាត់ផងដែរ។
លោកយាយមានប្រសាសន៍ថា៖ “គាត់មិនដែលគិតប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ទេ។ គាត់ជួយបងប្អូនក្នុងភូមិ។ និយាយរួមទៅគាត់ជួយទាំងអស់គ្នាក្នុងភូមិហ្នឹង មិនមែនតែខ្ញុំទេ។ ឱ្យតែគាត់មើលទៅឃើញថា មានអ្នកជួបការលំបាកអី គាត់ជួយហើយ ជាពិសេសកូនកំព្រាតែម្តង ដែលឪពុកម្តាយក្រីក្រអ៊ីចឹងគាត់ជួយទាំងថវិកា ជួយទាំងកង់។ គាត់ទទួលបានជំនួយមក គាត់ចេះតែជួុយអ៊ីចឹងទៅ ម្តងគេម្តងយើង”។
សម្រាប់លោក អ៊ែល ម៉ាត់ វិញ គាត់នឹងបន្តជួយមនុស្ស បើទោះជាលោកទទួលបាន ឬមិនទទួលបានពានរង្វាន់នេះក្ដី ព្រោះលោកបានជួយមនុស្សតាំងពីពេលលោកនៅក្មេងមកម្ល៉េះ។
អ្នករកប្រាក់ឧបត្ថម្ភប្រជាជនក្នុងសហគមន៍ខ្មែរអ៊ីស្លាមរូបនេះបានថ្លែងថា៖ “និយាយរួមទៅ មិនចង់ថាមានឈ្មោះមានអីទេ បុ៉ន្តែវាជាកាតព្វកិច្ចមួយថាយើងជួយកសាងហ្នឹងឱ្យអ្នកជំនាន់ក្រោយទៀតឱ្យចេះជួយក៏សាងគ្នាបន្តៗទៅទៀតគោលបំណងរបស់ខ្ញុំអ៊ីចឹង”។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ដោយមានការផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart។
ដើម្បីចូលមើលវីដេអូអំពីលោក អ៊ែល ម៉ាត សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/5ALdm6JtUo/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។