ឆាកជីវិតមួយនេះមិនស្រួលពេកទេ ហើយក៏មិនពិបាកពេកដែរ ជីវិតមនុស្សយើងតែងមានឡើងចុះជារឿងធម្មតា តែដរាបណាព្រះអាទិត្យថ្ងៃស្អែកនៅរះ យើងក៏មិនត្រូវអស់សង្ឃឹម។
នៅពេលដែលយើងធ្លាក់ដល់ចំណុចសូន្យ ធ្លាក់ដល់បាតនៃជីវិត ដែលមិនដឹងច្បាស់ថាអាចងើបមកវិញរួចឬអត់នោះ យើងប្រាកដជានឹងបានស្គាល់មនុស្សជុំវិញខ្លួនកាន់តែច្បាស់។ អ្នកខ្លះនៅក្បែររាល់ថ្ងៃ តែចុងក្រោយគេបែរជាដើរចេញ តែអ្នកខ្លះដែលយើងមើលរំលង គេក៏បានរំលេចវត្តមាននៅថ្ងៃដែលយើងលំបាកបំផុត។
អ្នកចំណាំមើលទៅ នៅពេលជីវិតធ្លាក់ដល់បាត ឬពេលជួបបញ្ហាលំបាកបំផុត អ្នកប្រាកដជានឹងបានជួបមនុស្ស ៤ ប្រភេទផ្សេងគ្នា៖
៤) មនុស្សដែលជួយអ្នក ដោយមិនរុញរា
មនុស្សប្រភេទនេះ កម្រនឹងមានណាស់ក្នុងជីវិតយើង គេចង់ស្រោចស្រង់ការលំបាក គេបានហុចដៃជួយយើង ឲ្យក្រោកចេញពីរណ្តៅដ៏លំបាកមួយ ហើយក្នុងចិត្តរបស់គេ គឺមិនប្រាថ្នាចង់បានអ្វីទាំងអស់ត្រលប់មកវិញ។
៣) មនុស្សដែលជួយដើម្បីតែប្រយោជន៍
មុននឹងគេសម្រេចចិត្តជួយ យើងប៊ិះតែដាច់ខ្យល់អស់ដង្ហើមទៅហើយ ព្រោះគេត្រូវការពេលដើម្បីគិតវិនិច្ឆ័យមើលសិន ថាតើការជួយយើងអាចផ្តល់ប្រយោជន៍ឬផលចំណេញអ្វីឲ្យគេទៅថ្ងៃមុខឬអត់។ មនុស្សប្រភេទនេះ មិនគួររាប់ជាមិត្តនោះទេ ព្រោះទៅថ្ងៃមុខពេលដែលយើងអស់ប្រយោជន៍ យើងនឹងប្រៀបបានដូចជាសំរាមដែលគេទាត់ចោល។
២) មនុស្សដែលតែងតែនៅក្បែរអ្នក
មនុស្សម្នាក់នេះ អ្នកបានឃើញ បានស្គាល់បណ្តើរៗរួចមកហើយ ព្រោះគេតែងតែនៅក្បែរអ្នកគ្រប់ពេល ជាពិសេសគឺពេលដែលអ្នកជួបបញ្ហា។ គេអាចជាសាច់ញាតិ អាចជាមិត្ត ឬអាចជាដៃគូស្នេហា ដែលគេមិនខ្លាចនឹងមកចូលរួមស្វែងយល់និងដោះស្រាយនូវទុក្ខលំបាករបស់យើងនោះឡើយ។
១) មនុស្សដែលដើរចេញ
ពេលខ្លះបញ្ហាមិនទាន់កើតមានផង លឺតែតម្រុយនៃបញ្ហាបន្តិច គេប្រេរកផ្លូវចេញមុនហើយ។ បើអ្នកស្គាល់មនុស្សប្រភេទនេះច្បាស់ហើយ ត្រូវចាំថាទៅពេលក្រោយ ត្រូវជៀសឲ្យឆ្ងាយពីគេ ហើយក៏មិនបាច់ព្យាយាមពន្យល់រ៉ាយរ៉ាប់ច្រើនពីមូលហេតុដែលយើងចាកចេញពីគេនោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក