រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ៖ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមអំពាវនាវដល់អាជ្ញាធរ និងមន្ត្រីមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធសូមមេត្តាបង្កើនយកចិត្តទុកដាក់ ការពារ និងផ្សព្វផ្សាយលើកកម្ពស់ ការយល់ដឹងអំពីករណីនៃការរំលោភបំពានផ្លូវភេទអំពើហិង្សាលើ ស្រ្តី កុមារ និងក្រុមអ្នកស្រលាញ់ភេទដូច គ្នា ដែលអាចកើតមានឡើងនៅក្នុងអំឡុងពេលនៃការធ្វើចត្តាលីស័ករយៈពេល១៤ ថ្ងៃ និងនៅតំបន់បិទខ្ទប់។
យើងខ្ញុំជាអង្គការសង្គមស៊ីវិល មានក្តីបារម្ភនៅពេលដែលប្រទេសកម្ពុជារងនូវវិបត្តិនៃការឆ្លង រីករាលដាលយ៉ាងលឿននៃជំងឺកូវីដ ១៩ ។ ប្រជាជនទាំងអស់ត្រូវបានស្នើសុំឲ្យអនុវត្តវិធានការ “៣ការពារ ៣កុំ” និងព្យាយាមកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានករណីចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ ១៩។
នៅថ្ងៃទី០៩ ខែមេសា រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់តំបន់មួយចំនួននៅក្នុងខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ និងសម្រេចបិទខ្ទប់ទីក្រុងភ្នំពេញនិងក្រុងតាខ្មៅទាំងមូលនៅម៉ោង ០០ ចូលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។ ចំណាត់ការនេះបានបន្តអនុវត្តនៅសង្កាត់មួយចំនួននៅក្រុងសៀមរាបផងដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ករួម នៅតាមតំបន់ ផ្សេងៗនៅតាមខេត្តនិងនៅទីក្រុងភ្នំពេញ។ តួយ៉ាងការរៀបចំទីតាំងសម្រាប់ធ្វើចត្តាឡីស័ករួមសម្រាប់បងប្អូនកម្មករ កម្មការនី រោងចក្រ អេ អ៊ឹម ធូ (AM2) ចំនួន ៤៥៧ នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល ទីកន្លែង សម្រាកព្យាបាលអ្នកមានជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័កនៅក្នុងទីតាំងវិទ្យាល័យ ជា ស៊ីម សាមគ្គី និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលនៅមជ្ឈមណ្ឌលពិពណ៌កោះពេជ្រជាដើម។
ជាការពិតណាស់ ការធ្វើចត្តាឡីស័ក គឺមានការចំបាច់នៅក្នុងការកាត់បន្ថយ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែការណ៍នេះក៏មានការប្រឈមនឹងផលវិបាកខាងផ្លូវចិត្ត និងផលរំខាននៃសង្គមផងដែរ។ នៅក្នុងស្ថានភាពនេះ គេហៅថាជាស្ថានភាពប្រតិកម្មនៃការធ្វើចត្តាឡីស័ក ដែលនៅក្នុងនោះអាចរាប់បញ្ចូលទាំងករណីនៃការកើនឡើងនៃអំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងការរំលោភបំពានផ្លូវភេទជាដើម។
យោងតាមបទពិសោធន៍នៃប្រទេសជាច្រើនដែលជួបនឹងការរាតត្បាតធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ នេះបានបង្ហាញឲ្យឃើញថា មានកត្តាមួយចំនួនដែលជំរុញបន្ថែមធ្វើឲ្យមានការកើនឡើងនូវអំពើ ហិង្សា និងការបៀតបៀនផ្លូវភេទនេះ ដូចជាភាពមិននឹងនរនៃសេដ្ឋកិច្ចគ្រួសារ របៀបនៃការរស់នៅបែបថ្មី ដែលទាមទារឲ្យមានការបន្ស៊ាំខ្លួនយូរដែលប៉ះពាល់ដល់អារម្មណ៍និងផ្លូវចិត្ត ការប្រើប្រាស់គ្រឿងញៀន គ្រឿងស្រវឹង និងឱកាសអំណោយផលក្នុងការប្រព្រឹត្តិនៅក្នុងតំបន់ ឬទីតាំងធ្វើចត្តាឡីស័ក ឬទីតាំងសម្រាកព្យាបាលរួម ឬតំបន់បិទខ្ទប់ដែលអាជ្ញាធរមានសមត្ថកិច្ចកំពុងតែមានភាពមមាញឹកក្នុងក្នុងការជួយសង្គ្រោះ និងអន្តរាគមន៍ប្រឆាំង នឹងជំងឺកូវីដ ១៩ ជាដើម។
ស្ត្រី កុមារ និងក្រុមអ្នកប្តូរយេនឌ័រ/ភេទ គឺជាក្រុមដែលចាត់ទុកថាងាយរងគ្រោះជាងគេនៅក្នុងអំឡុងពេលនៃការរាតត្បាតនេះ។ កម្រិតនៃភាពតានតឹងផ្លូវចិត្តរបស់ឳពុកម្តាយ បាននាំមកនៅការប្រើប្រាស់អំពើហិង្សាផ្លូវកាយ និងការមិនយកចិត្តទុកដាក់ថែរក្សាកុមារ។ អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន ដែលធ្វើការលើការជួយគាំទ្រកុមារ ក៏អាចនឹងត្រូវបានកំណត់នូវដែននៃកិច្ចអន្តរាគមរបស់ពួកគេ ក្នុង អំឡុងពេលនេះដែរ។ ចំណែកឯកុមារ ក៏ប្រឈមមុខនឹងសម្ពាធផ្លូវចិត្ត ភាពធុញថប់នៅពេលដែលពួកគេមិនអាចចេញក្រៅផ្ទះ និងរៀនសូត្រដូចពេលមុន។
រីឯស្ត្រីត្រូវបានបង្កើនពេលវេលារបស់ខ្លួនទទួលបន្ទុកក្នុងការមើលថែទាំគ្រួសារ ការប្រឈមនឹងសម្ពាធផ្លូវចិត្ត កម្រិតនៃការទទួលរងអំពើហិង្សាកើនឡើងពីសំណាក់ដៃគូរស្និទ្ធិស្នាល នៅក្នុងរយៈពេលដែលមិនអាចដើរចេញក្រៅផ្ទះបាន និងការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសារជាដើម។
ស្ត្រី និងកុមារក៏ប្រឈមនឹងហានិភ័យខ្ពស់នៃការបៀតបៀនផ្លូវភេទ ការរំលោភបំពាន នៅពេលដែលពួកគេស្ថិតនៅទីតាំងនៃការបិទខ្ទប់ និងទីតាំងធ្វើចត្តាឡីស័ក ឬកន្លែងសម្រាកព្យាបាលរួម ដែលអំណោយផលដល់អ្នកប្រព្រឹត្តិ ខណៈពេលដែលការយល់ដឹងអំពីការបៀតបៀនផ្លូវភេទ ឫការរំលោភបំពាន និងការផ្តល់កិច្ចអន្តរាគមន៍របស់អាជ្ញាធរនៅមានកម្រិត។ ចំណែកឯក្រុមអ្នកប្តូរយេនឌ័រ/ភេទ អាចទទួលរងនូវការមាក់ងាយធ្ងន់ធ្ងរជាងមុននៅពេលដែលគាត់ស្ថិតនៅក្នុងតំបន់ទីតាំងធ្វើ ចត្តាឡីស័ករួមឬកន្លែងសម្រាកព្យាបាលរួមនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ យើងខ្ញុំជាអង្គការសង្គមស៊ីវិល សូមអំពាវនាវដល់រាជរដ្ឋាភិ- បាល ថ្នាក់ដឹកនាំមានសមត្ថកិច្ច និងមន្ត្រីទទួលបន្ទុកទាំងអស់មេត្តាបន្ថែមការយកចិត្តទុកដាក់ និងការពារ ទប់ស្កាត់ការបៀតបៀន ការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាប្រឆាំងនឹងយេនឌ័រ តាមរយៈ៖
✔ ចាត់ទុកការគាំទ្រលើការទប់ស្កាត់អំពើហិង្សាប្រឆាំងនឹងយេនឌ័រ និងសេវាជួយសង្គ្រោះជនរងគ្រោះដោយអំពើហិង្សា ជាអទិភាពមួយក្នុងចំណោមអទិភាពផ្សេងទៀតនៃប្រតិបត្តិការ ទប់ស្កាត់ជំងឺកូវីដ ១៩ ជាពិសេសក្នុងតំបន់ចត្តាឡីស័ករួម និងតំបន់បិទខ្ទប់។ ការណ៍នេះគឺរាប់បញ្ចូលទាំងការដាក់ចេញនៅបទបញ្ជាក្នុងការការពារ និងការសម្រេចខាងរដ្ឋបាលដើម្បីស្វែងរក និងផ្តល់ទីតាំងដែលមានសុវត្ថិភាពសម្រាប់ស្រ្តី និងកុមារនៅពេលដែលផ្ទះរបស់ពួកគេមិនមានសុវត្ថិភាពក្នុងការធ្វើចត្តាឡីស័ក។
✔ លើកកម្ពស់បន្ថែមក្នុងការដាក់បញ្ចូលសារផ្សព្វផ្សាយទប់ស្កាត់អំពើហិង្សា ការរើសអើង និងការមាក់ងាយផ្អែកលើយេនឌ័រ នៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់ ដែលបង្ហាញថាអំពើហិង្សាគ្រប់ទម្រង់គឺមិនអាចអត់ឱនឱ្យបានជាដាច់ខាត ហើយអ្នកប្រព្រឹត្តនឹងត្រូវទទួលទោសតាមច្បាប់។
✔ បន្តធានាឱ្យមានទីធ្លាសុវត្ថិភាពនិងឯកជនភាពគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់នៅតាមទីតាំងធ្វើចត្តាឡីស័ករួម ឲ្យមានភាពដាច់ដោយឡែក ដូចជាកន្លែងគេង ដែលកំណត់សម្រាប់ស្ត្រីបុរសម្នាក់ៗ ឬក្រុមគ្រួសារ។ ។
✔ ធ្វើការផ្សព្វផ្សាយរួមគ្នា ដើម្បីលុបបំបាត់ការរើសអើង ការមាក់ងាយ និងឧបសគ្គដែលនាំឲ្យស្ត្រីមិនព្រមរាយការណ៍ពីករណីដែលកើតមានឡើងចំពោះខ្លួនឯង។
✔ បង្កើតវិធីសាស្ត្រថ្មីៗ ក្នងការបង្កើនការគាំទ្រនានាដែលអាចជួយទប់ស្កាត់អំពើហិង្សាលើយេនឌ័រ រួមមានដូចជាការប្រើប្រាស់ Apps សារ ក្នុងការរាយការណ៍ ក៏ដូចជាទទួលបានព៌តមានពីករណីអំពើហិង្សាលើស្ត្រី កុមារ និងអ្នកប្តូរភេទ/យេនឌ័រ ។
✔ បង្កើនផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទហតឡាញឲ្យបានទូលាយ ពិសេសដើម្បីទទួលការរាយការណ៍ពីអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងតំបន់ចត្តាឡីស័ក និងតំបន់បិទខ្ទប់ ដែលជនរងគ្រោះឬអ្នកបានឃើញហេតុការណ៍អាចរាយការណ៍បានតាមរយៈការខល ឬផ្ញើសារទៅកាន់លេខពិសេសទាំងនោះ។
✔ លើកទឹកចិត្ត និងគាំទ្រការងារដៃគូរសហការណ៍របស់រាជរដ្ឋាភិបាល ដូចជាអង្គការមិនមែនរដ្ឋា-ភិបាល អង្គការអន្តរជាតិ ជាដៃគូរអភិវឌ្ឍន៍ ក្រុមហ៊ុនឯកជន ជាដើម។
✔ បង្កើនការអនុវត្តយន្តការច្បាស់លាស់ក្នុងការបញ្ជូន និងវិធានការក្នុងការឆ្លើយតប ប្រសិនបើមានករណីអំពើហិង្សា ឬការរំលោភបំពានកើតឡើង
សេចក្តីអំពាវនាវរួមនេះគាំទ្រដោយ ៖
១. រ៉ាក់ (RHAC)
២.គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្រ្តី (NGO-CEDAW)
៣. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៤.គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel)
៥. អង្គការក្លាហាន (Klahaan)
៦. អង្គការកម្ពុជាដើម្បីសុខភាព និងការអប់រំសហគមន៍ (CHEC)
៧. សមាគមន៍អ្នកបម្រើការងារតាមផ្ទះ (ADW)
៨. សមាគមន៍គាំពារស្ត្រីងាយរងគ្រោះ (ASVW)
៩. សហភាពការងារកម្ពុជា (CLC)
១០.ផ្ទះដ៏ពេញបរិបូរសម្រាប់ស្ដ្រី នៃអង្គការសួននៃក្ដីសង្ឃឹមនៅកម្ពុជា (PHW)
១១. យេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
១២.បណ្តាញយេនឌ័រ និងអភិវឌ្ឍន៍កម្ពុជា (GEDnet)
១៣. អង្គការនារីដើម្បីសន្តិភាព (WMP)
១៤. សមាគមអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត (AUA)
១៥. សមាគម អ៊ី.អឹម.ឌី.អា. កម្ពុជា (EMDR Cambodia)
១៦. អង្គការបន្ទាយស្រី (Banteay Srei)
១៧. គណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ (NICFEC)
១៨. សម្ពន័្ធសហគមន៍កសិករកម្ពុជា (CCFC)
១៩. អង្គការ អាក់សិនអេតកម្ពុជា ( ActionAid Cambodia)
២០. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
២១. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២២. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
២៣. អង្គការអភិវឌ្ឍន៍ស្រ្តីក្រីក្រក្នុងទីក្រុង (UPWD)
២៤. ក្រុមនារីសន្សំ (LSG)
ទំនាក់ទំនង៖ សាផន សុមោលីរស្មី
ទូរស័ព្ទ៖ ០៨៥ ២៥០ ៣៦៨
អ៊ីមែល៖ [email protected]
ប្រភពដើម៖ RHAC Social Page