បុរសអនាថាម្នាក់ រើសបានកាបូបមានលុយជាច្រើនដោយចៃដន្យ ប៉ុន្តែគាត់សម្រេចចិត្តប្រគល់ជូនម្ចាស់ដើមវិញ ភាពស្មោះត្រង់នេះបានធ្វើឲ្យគាត់…!

តើអ្នកនឹងធ្វើអ្វីនៅពេលអ្នករើសបានកាបូបលុយដែលលុយពេញកាបូប? ចំពោះបុរសម្នាក់នេះមកពីប្រទេសថៃ វាជារឿងតែមួយគត់ដែលត្រូវធ្វើគឺការប្រគល់កាបូបដែលគាត់បានរើសបានប្រគល់ជូនទៅម្ចាស់របស់គេវិញជាមួយនឹងលុយពេញកាបូបទោះបីជានៅពេលនេះគាត់ជាមនុស្សគ្មានផ្ទះសម្បែងក៏ដោយ។

លោក Worthop មានអាយុ 45 ឆ្នាំនៅពេលគាត់ដើរនៅតាមផ្លូវហើយបានជំពប់ជើងដួល បន្ទាប់មកគាត់បានក្រឡេកឃើញបុរសម្នាក់ជ្រុះកាបូបលុយធ្លាក់នៅលើឥដ្ឋ។ បន្ទាប់មកគាត់បានរើសកាបូបនោះ ហើយគាត់ពិតជាមានការភ្ញាក់ផ្អើលណាស់។ កាបូបដែលកាត់រើសមានប្រាក់សរុបចំនួន 20.000 បាត (577 ដុល្លារ) ។ គាត់មិនដែលធ្លាប់បានឃើញលុយច្រើនបែបនេះទេក្នុងជីវិតរបស់គាត់។

ដ្បិតតែជាមនុស្សដែលគ្មានផ្ទះសម្បែងក៏ពិតមែនប៉ុន្តែ Worthop មិនបានយកលុយនោះទៅចាយវាយនោះទេ។

ទោះជាយ៉ាងណាក៏ដោយគាត់បានធ្វើដំណើរឆ្ងាយហើយសម្រេចចិត្តប្រគល់កាបូបទៅឱ្យម្ចាស់ដើមវិញ។

គាត់បានព្យាយាមស្វែងរកផ្ទះរបស់បុរសដែលបានជ្រុះកាបូបនេះប៉ុន្តែគាត់មិនអាចស្វែងរកឃើញនោះទេ ដូច្នេះគាត់មានតែទៅកាន់ស្ថានីយ៍ប៉ូលីសដើម្បីប្រគល់កាបូបនេះជូនដល់ប៉ូលិសដើម្បីប្រគល់ជូនម្ចាស់ដើមវិញ។

រឿងនេះមិនបានបញ្ចប់ត្រឹមនៅប៉ុស្ត៍ប៉ូលិសនោះទេ។ ម្ចាស់កាបូបដែលឈ្មោះថា Nitty Pongkriangyos បានសម្រេចចិត្តជួប Worthop ដើម្បីអរគុណ។

លោក Nitty ជាម្ចាស់រោងចក្រដែកមួយកន្លែង។ នៅពេលបានជួប Worthop គាត់ក៏បានដឹងថា Worthop ជាមនុស្សគ្មានផ្ទះសម្បែងគាត់សម្រេចចិត្តផ្តល់ការងារមួយនៅក្នុងរោងចក្រឲ្យ Worthop ធ្វើការងារ។

យោងតាមលោក Nitty ភាពស្មោះត្រង់របស់ Worthop និងគុណតម្លៃល្អរបស់គាត់គឺជាអ្វីដែលទាក់ទាញចិត្តរបស់គាត់ផ្តល់ការឲ្យបុរសអនាថារូបនេះ។ វាពិតប្រាកដណាស់អ្វីដែលគាត់ស្វែងរកនោះគឺជាបុគ្គលិកដែលមានភាពស្មោះត្រង់ដូចជា Worthop ។

"កុំខ្មាសអៀនក្នុងការធ្វើអំពើល្អ នៅក្នុងពេលណាមួយអំពើល្អនោះនឹងហុចផលដល់អ្នកវិញ។"

លោក Nitty បានប្រាប់អង្គភាពសារព័ត៌មាន Coconuts news នៅក្នុងបទសម្ភាសន៍មួយថា៖

"ខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់នៅពេលដែលខ្ញុំបានជួយបុរសអនាថានោះ ហើយវាច្រើនជាងពេលដែលខ្ញុំយកកាបូបរបស់ខ្ញុំត្រឡប់មកវិញ" ។

បច្ចុប្បន្ន Worthop មិនមែនជាមនុស្សគ្មានផ្ទះសម្បែងទៀតទេ។ ដោយសារតែភាពស្មោះត្រង់របស់គាត់ឥឡូវនេះគាត់មានការងារធ្វើ និងរស់នៅប្រកបដោយភាពកក់ក្តៅនៅក្នុងអគារស្នាក់នៅរបស់បុគ្គលិក។

រឿងដែលគួរឱ្យចាប់អារម្មណ៍រវាង Worthop និងលោក Nitty បានក្លាយជារឿងរ៉ាវល្បីមួយល្បីល្បាញមួយនៅក្នុងបណ្តាញសង្គមប្រទេសថៃបន្ទាប់ពីមិត្តស្រីរបស់លោក Nitty ឈ្មោះ Tarika Patty បានបង្ហោះរឿងនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក។

Tarika បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា៖

"នៅពេលដែលអ្នកមានចិត្តសប្បុរសចំពោះអ្នកដទៃ អ្នកនឹងទទួលបានភាពស្មោះត្រង់មកកាន់អ្នកវិញ។ គ្រប់គ្នាអាចធ្វើបាន "។

ដោយសារតែភាពស្មោះត្រង់របស់ Worthop នាងបានទិញសម្លៀកបំពាក់ជូន Worthop ផងដែរ។

លោក Worthop ពិតជាមានសេចក្តីសោមនស្សរីករាយចំពោះឱកាសនេះហើយគាត់សង្ឃឹមថារឿងនេះអាចជួយលើកទឹកចិត្តដល់មនុស្សជាច្រើនឱ្យរស់នៅដោយមានភាពស្មោះត្រង់និងធ្វើតែអំពើល្អ៕

ប្រែសម្រួល៖ ក្នុងស្រុក | ប្រភព៖ បរទេស