នៅពេលដែលមនុស្សណាម្នាក់ច្រណែនឈ្នានីសអ្នក គឺគ្រប់សកម្មភាពទាំងអស់ គេរមែងព្យាយាមចង់ប្រឆាំងមិនឲ្យអ្នកទទួលបានជោគជ័យ ហើយប្រភេទមនុស្សនេះមិនគួររាប់អានធ្វើជាមិត្តនោះឡើយ។
Knongsrok បង្ហាញរោគសញ្ញាទាំង ៦ របស់មនុស្សដែលពូកែច្រណែនគេ ហើយអ្នកអាចកត់សម្គាល់បាន៖
៦) សរសើរបែបប្រើពាក្យគំរោះគំរើយ
សរសើរដូចមិនសរសើរ សរសើរបែបនិយាយពាក្យផ្លែផ្កាបញ្ឆិតបញ្ឆៀង។ ហ្នឹងហើយអត្តចរិតអ្នកច្រណែនឈ្នានីសគេ។ ឧទាហរណ៍៖ អ្នកទទួលបានការងារថ្មី ហើយគេមកនិយាយថា "ល្អតើ តែចម្លែកដែរហេតុអ្វីក្រុមហ៊ុនទៅយកមនុស្សមិនចេះធ្វើការណរ"។
៥) អង្គុយតែចាប់កំហុស
រឿងខ្លះអ្នកបានធ្វើខុសច្រើនឆ្នាំមកហើយ តែពួកគេបែរជាជីកកកាយយកវាមកនិយាយនៅពេលអង្គុយជុំគ្នា ឬនិយាយពីក្រោយអ្នក។ ដោយឡែកបើអ្នកបានធ្វើខុសអ្វីមួយវិញ ពួកគេនិយាយជាន់ពន្លិចគ្មានឲ្យងើបរួចទេ ពោលមិនមែននិយាយកែតម្រូវបែបស្ថាបនាឡើយ។
៤) ពួកគេមិនសូវចង់នៅជិតអ្នក
មនុស្សប្រភេទនេះ ពេលឃើញអ្នកជោគជ័យ សឹងតែដើរចេញមិនចង់ឃើញមុខអ្នកទេ។ បើចង់ណាត់ជួបអ្វីមួយ ពួកគេតែងតែមានលេសថារវល់ ទាំងដែលជាក់ស្តែងទំនេរហើយយកពេលទៅជាមួយអ្នកផ្សេង។
៣) ពួកគេប្រាប់អ្នកថាជោគជ័យដោយសារសំណាង
ទោះអ្នកខិតខំកម្រិតណា ជោគជ័យដែលទទួលបាន ពួកគេត្រឹមបោះពាក្យមកថា មកពីអ្នកសំណាង មិនមែនផលដែលសម្រេចតបស្នងមកដោយសារការប្រឹងប្រែងរបស់អ្នកនោះទេ។
២) ពួកគេបន្ទាបអ្វីដែលអ្នកសម្រេចបាន
អ្វីដែលអ្នកធ្វើបាន សម្រេចបាន ពួកគេតែងតែបន្ទាបមិនសូវឲ្យតម្លៃ ហើយគិតថារឿងហ្នឹងនរណាក៏ធ្វើបាន មិនមែនតែអ្នកនោះទេ។ ជាទូទៅពួកគេតែងតែរកនឹកពីភាពអវិជ្ជមានក្នុងជោគជ័យនោះមកនិយាយ
១) និយាយអាក្រក់ពីក្រោយខ្នង
ពេលជួបមិត្តភក្តិរបស់អ្នក ឬមនុស្សដែលស្គាល់អ្នក មនុស្សនេះមិនចេះលើកសរសើរអ្នកនោះទេ ហើយមានតែនិយាយពាក្យបន្តុះបង្អាប់រកគ្រប់ប្រធានបទ ទាំងដែលរឿងខ្លះវាមិនមែនជាការពិតផងនោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក