ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១៖ ការរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូក្នុងរាជធានីភ្នំពេញ គឺជាអំពើល្អមួយដែលជួយឱ្យលោក តាំង ហួងហាវ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០។
ឥឡូវនេះ លោក ហួងហាវ បានជាប់ជាបេក្ខជនម្នាក់ក្នុងចំណោមបុគ្គលដែលត្រូវបានជ្រើសតាំង ១០នាក់សម្រាប់វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ហើយបើលោកត្រូវបានគេជ្រើសរើសជាអ្នកទទួលជ័យលាភី លោកនឹងទទួលបានប្រាក់រង្វាន់ចំនួន ១ម៉ឺនដុល្លារ។
ជានិស្សិតឆ្នាំទី៣ ផ្នែកធុរកិច្ចនៅសកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក លោក ហួងហាវ កាលពីចុងឆ្នាំ២០២០ បានផ្តួចផ្តើមគំនិតមួយដើម្បីរៃអង្គាសប្រាក់ជួយដល់អ្នករត់ស៊ីក្លូ បន្ទាប់ពីលោកបានជួបជាមួយអ្នករត់ស៊ីក្លូម្នាក់ឈ្មោះ សិន សុខុម ហៅ តាសាន នៅខែវិច្ឆិកា ឆ្នាំ២០២០ ដែលគាត់តែងតែសម្រាក និងបរិភោគអាហារនៅតាមមុខផ្ទះគេ និងតាមចញ្ចើមផ្លូវដូចអ្នករត់ស៊ីក្លូផ្សេងទៀតដែរ។
លោកថ្លែងថា៖ “នៅពេលខ្ញុំបានជួប តាសាន នៅផ្សារកណ្តាល យើងបានជិះជុំវិញផ្សារ។ គាត់បានចង្អុលបង្ហាញខ្ញុំនូវកន្លែងដែលគាត់គេងនៅខាងមុខហាងរបស់គេ កន្លែងគាត់ញ៉ាំនៅចិញ្ចើមផ្លូវជាប់របងសាលា។ គាត់បានចង្អុលទៅកន្លែងផ្សេងៗទៀតប្រាប់ខ្ញុំ”។
លោកបន្ថែមថា៖ “រឿងរ៉ាវរបស់គាត់បានជំរុញចិត្តខ្ញុំជាខ្លាំង។ គាត់ជួបរឿងរ៉ាវដ៏គួរឱ្យអាណិត ខណៈដែលខ្ញុំមិនជួបរឿងរ៉ាវបែបនេះទេ។ ខ្ញុំមានបណ្តាញទំនាក់ទំនងសង្គម តែគាត់អត់មាន។ ដូច្នេះខ្ញុំព្យាយាមប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីជាប្រយោជន៍”។
ទុក្ខលំបាករបស់អ្នករត់ស៊ីក្លូនេះហើយបានបណ្ដាលឲ្យលោក ហួងហាវ បង្កើតគំនិតផ្តួចផ្តើមមួយឈ្មោះថា ណូអែលសម្រាប់ស៊ីក្លូ (Christmas for Cyclo) ដែលចាប់ផ្តើមឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដែលជាថ្ងៃបុណ្យណូអែល។
ក្នុងរយៈពេលជាង ២សប្តាហ៍នៃយុទ្ធនាការនេះ លោក ហួង ហាវ រៃអង្គាសប្រាក់បានចំនួន ៥.២០០ដុល្លារពីមិត្តភក្តិ និងសប្បុរសជនផ្សេងៗដែលស្គាល់លោកតាមរយៈបណ្តាញទំនាក់ទំនងសង្កម និងពីការរៀបចំដំណើរកម្សាន្តតាមស៊ីក្លូចំនួន ២លើកដែលលោកបានរៀបចំ ដើម្បីធ្វើជាអំណោយដល់អ្នករត់ស៊ីក្លូចំនួន ២១០នាក់ និងសម្រាប់សមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ។
អ្នករត់ស៊ីក្លូម្នាក់ៗទទួលបានប្រាក់ ៥ដុល្លារ អាកុលលាងសម្អាតដៃ ម៉ាស់ អាហារ នំប៉័ង អាហារសម្រន់ ភួយ និងក្រម៉ាពីយុទ្ធនាការនេះ។
លោក សិន សុខុម ហៅ តា សាន អាយុ ៦៧ឆ្នាំ ដែលប្រកបមុខរបរជាអ្នករត់ស៊ីក្លូចាប់តាំងពីឆ្នាំ១៩៨៧ មកនោះ បានសម្តែងក្តីរីករាយនៅពេលដែលទទួលបានអំណោយពីគំនិតផ្តួចផ្តើម Christmas for Cyclo។
លោកបានថ្លែងថា៖ “អារម្មណ៍ខ្ញុំនៅថ្ងៃបុណ្យណូអែលហ្នឹងគឺថាមានយុវជន គាត់ជួយ ដូចជា មី អង្ករ សំលៀកបំពាក់ ក្រម៉ា បានច្រើនដែរ បានចង់ជាងកន្លះស៊ីក្លូអីដែរ។ ខ្ញុំរីករាយណាស់ ដែលមានការចូលរួមពីយុវជន ទាំងកម្មករស៊ីក្លូរ ពួកគាត់សប្បាយរីករាយណាស់ មានស្វាគមន៍គ្នាទៅវិញទៅមក ដូចជាមានភាពស្រលាញ់គ្នាណាស់”។
អ្នករត់ស៊ីក្លូម្នាក់ទៀតឈ្មោះ អ៊ីត វី អាយុ ៦៣ឆ្នាំ ដែលប្រកបរបរជាអ្នករត់ស៊ីក្លូនេះអស់រយៈពេល ២០ឆ្នាំមកហើយដែរនោះ ក៏បានសម្តែងក្តីរីករាយផងដែរក្នុងការទទួលបានជំនួយពីយុទ្ធនាការណូអែលសម្រាប់ស៊ីក្លូនេះ។
ទោះជាយ៉ាងណា យុទ្ធនាការនេះមិនអាចធ្វើឱ្យជីវភាពរបស់អ្នករត់ស៊ីក្លូមាននិរន្តរភាពឡើយ ជាពិសេសក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ នេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់អ្នករត់ស៊ីក្លូធ្លាក់ចុះខ្លាំង។
តាសាន បានរៀបរាប់ថា ប្រាក់ចំណូលរបស់លោកបានធ្លាក់ចុះខ្លាំង ដោយបច្ចុប្បន្នលោកអាចសល់ប្រាក់បានតែ ៧.០០០រៀលប៉ុណ្ណោះក្នុងមួយថ្ងៃបន្ទាប់ពីចំណាយប្រចាំថ្ងៃរួច ខណៈដែលកាលពីមុនលោកអាចរកប្រាក់ចំណូលបានពី ៧ម៉ឺន ទៅ ៨ម៉ឺនរៀលក្នុងមួយថ្ងៃពីការដឹកជនបរទេស។
ដើម្បីរក្សានិរន្តរភាពជីវភាពរបស់អ្នករត់ស៊ីក្លូ លោក ហួងហាវ បានបង្កើតគំនិតមួយទៀតគឺលោកបានស្នើសុំទៅកាន់ក្រុមហ៊ុន Grab ដើម្បីដាក់បញ្ចូលស៊ីក្លូទៅក្នុង App របស់ក្រុមហ៊ុនផ្តល់សេវាកក់ការធ្វើដំណើរមួយនេះ។
លោកថ្លែងថា៖ “បើយើងជួយជាលុយ យើងជួយបានតែម្តងហើយក៏ចប់។ ដូច្នេះខ្ញុំរកវិធីអ្វីដែលជួយឱ្យមាននិរន្តរភាពជាង។ ដល់ពេលអ្នកជិះចុចនៅលើ Grab គេអាចរកស៊ីក្លូជិះបាន”។
លោកថ្លែងថា មកដល់ពេលនេះ សំណើនេះស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ តែអ្វីដែលក្រុមហ៊ុន Grab អាចជួយបានភ្លាមៗគឺការជួយផ្សព្វផ្សយអំពីស៊ីក្លូនៅក្នុង App របស់ក្រុមហ៊ុន។
អំពើល្អទាំងនេះហើយដែលឆ្លើយតបទៅនឹងកម្មវិធីពានរង្វានពលរដ្ឋគំរូ Smart ដែលជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ដែលបានចាប់ផ្តើមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កម្មវិធីនេះមានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង និងសហគមន៍របស់ខ្លួន។
ការប្រកាសជ័យលាភីរបស់កម្មវិធីពលរដ្ឋគំរូ Smart ដែលដើមឡើយគ្រោងធ្វើនៅថ្ងៃទី២៧ មីនា ឆ្នាំ២០២១ ត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ-១៩។ កាលបរិច្ឆេទថ្មីនឹងត្រូវជូនដំណឹងនៅពេលក្រោយ។
ដើម្បីចូលមើលវីដេអូអំពីលោក តាំង ហួងហាវ សូមចុចលើតំណភ្ជាប់ (Link) នេះ៖ https://fb.watch/4gg1VKv11e/
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។