ពេលណាបានអ្ហែងការ? ជាសំណួរ ដែលឮស្ទើររាល់ថ្ងៃ ពួកម៉ាក ជួបមុខគ្នាពេលណា សួរពេលហ្នឹង អញការអស់ហើយ ហើយអ្ហែងកាលណាបានការហ្ហា...?
ប៉ាម៉ាក់ បងប្អូន ក៏តឿនរឿងហ្នឹងដែរ តែបានត្រឹមញញឹម ហើយនិយាយថា មិនទាន់ដល់គូ គ្មានអ្នកណាស្រឡាញ់ មិនដឹងការជាមួយអ្នកណា ... ទាំងការពិត គឺដឹងហើយថា ខ្លួនឯង ហាក់នៅខ្លាចរអា មិនមែនខ្លាចគេទេ តែខ្លាចខ្លួនឯង គ្មានសមត្ថភាពគ្រប់គ្រាន់ នឹងផ្ដល់សេចក្ដីសុខ សុភមង្គល ភាពកក់ក្ដៅដល់មនុស្សស្រីម្នាក់ ខ្លាចខ្លួនឯង គ្មានជំហ គ្មានមុខរបរការងារច្បាស់លាស់ ខ្លាចខ្លួនឯងធ្វើឱ្យកូនស្រីគេ ត្រូវមកពិបាកជាមួយ ... ។
ជីវិតគូ ជីវិតប្ដីប្រពន្ធ ជីវិតគ្រួសារ មិនមែនមួយថ្ងៃទេ ខ្ញុំមិនចង់ការហើយ ឱ្យញាតិដៀលជេរ ស្ដីថា ខ្លួនឯងគ្មានបានការ មិនសមជាមេគ្រួសារនោះឡើយ មិនចង់ឱ្យជីវិតមនុស្សស្រីម្នាក់ត្រូវមកជួបបញ្ហាដោយសារតែខ្ញុំទេ ... ក៏រឹតតែមិនចង់ឃើញនាង ត្រូវមកត្រដាបត្រដួស ព្រោះតែភាពខ្វះមុខខ្វះក្រោយរបស់គ្រួសារនោះដែរ។
ដឹងថា ពេលវេលាមិនចាំមនុស្សទេ ហើយក៏គ្មានមនុស្សស្រីណា ព្រមរង់ចាំយើងមានគ្រប់យ៉ាង ទាំងមិនកំណត់ថ្ងៃការជាមួយនាងនោះដែរ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែគិតរហូត គឺមិនចង់ឱ្យមនុស្សស្រីម្នាក់ ដែលខំលះបង់ជីវិតពាក់កណ្ដាលមករស់នៅជាមួយខ្ញុំ ទាំងដែលខ្ញុំគ្មានអ្វីសោះនោះទេ បើគេស្រឡាញ់ខ្ញុំមែន សង្ឃឹមថាគេនឹងយល់ គេនឹងអាចទទួលយកគ្រប់យ៉ាងពីខ្ញុំបាន មិនថាត្រូវរង់ចាំ ឬយ៉ាងណាទេ គ្រាន់តែចង់ឱ្យខ្លួនឯងរឹងប៉ឹង នឹងធឹងជាងនេះ ខ្ញុំមិនចង់ឃើញមនុស្សខ្លួនស្រឡាញ់ លំបាកនោះឡើយ... យ៉ាងណាក៏ដោយ ខ្ញុំចង់ឱ្យមនុស្សដែលខ្ញុំស្រឡាញ់ គេមានគ្រប់បែយ៉ាង សម្បូរសប្បាយ រីករាយ និងមានសុភមង្គល នៅពេលដែលគេចូលមកក្នុងជីវិតរបស់ខ្ញុំ ស្ម័គ្រចិត្តរួមដំណើរជីវិតជាមួយនឹងខ្ញុំ ...៕
អត្ថបទ #មនុស្សចុងក្រោយ / #ក្នុងស្រុករក្សាសិទ្ធិ