មនុស្សស្រីអ្នកត្រូវចាំថា ៖
- ភាពស្រស់ស្អាតរបស់អ្នក មិនអាចចងបុរសម្នាក់នោះទុកបានទេ។
- ភាពស្មោះត្រង់របស់អ្នក មិនអាចហាមឃាត់ចិត្តសាវារបស់គេបានទេ។
- ការលះបង់របស់អ្នក មិនអាចថែរក្សាគេបានពេញមួយជីវិតទេ។
- ការប្រព្រឹត្ត និងទឹកចិត្តដ៏ល្អរបស់អ្នក មិនអាចផ្គាប់ចិត្តគេបានរហូតទេ។
- ការដែលអ្នកនៅតែរង់ចាំគេមិនទៅណា ក៏មិនប្រាកដថាគេនឹងចតត្រឹមអ្នកតែម្នាក់នោះឡើយ។
- ការខិតខំប្រឹងប្រែង ថែរក្សាគេតែម្ខាង មិនអាចចងគេបានមួយជីវិតទេ។
- ការដែលអ្នកចំណាយពេលនឹងគេទាំងអស់ មិនប្រាកដថា គេនោះមើលឃើញ និងឱ្យតម្លៃអ្នកនោះឡើយ។
អ្នកអាចមានចេតនា និងមនោសញ្ចេតនាល្អបំផុតចំពោះគេ អ្នកអាចមានអារម្មណ៍ស្មោះបំផុត និងលះបង់អស់ពីចិត្តដើម្បីគេ អ្នកប្រាកដជាអាចក្លាយជាស្ត្រីដ៏ល្អម្នាក់ ប៉ុន្តែមិនប្រាកដទេថា ភាពល្អ ចិត្តដ៏បរិសុទ្ធរបស់អ្នក អាចថែរក្សា និងចងចិត្តបុរសម្នាក់នោះ ឱ្យនៅតែស្រឡាញ់អ្នកបាននោះឡើយ។
- អ្នកមិនអាចបង្ខំបុរសម្នាក់ឱ្យនៅជាមួយអ្នកបានទេ។
- អ្នកមិនអាចអង្វរបុរសម្នាក់នោះឱ្យនៅជាមួយអ្នកបានទេ។
- អ្នកមិនអាចធានាបានថា អ្នកអាចឱ្យគេស្រឡាញ់អ្នកតែម្នាក់បានទេ។
ជាមួយបុរស អ្នកមិនចាំបាច់ប្រាប់គាត់ថាគាត់ចង់រក្សាទំនាក់ទំនងជាមួយអ្នកឱ្យល្អឡើយ ប៉ុន្តែផ្ទុយទៅវិញ គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតស៊ូ ការពារ និងថែរក្សាអ្នក ពីព្រោះបុរសម្នាក់ប្រយុទ្ធដើម្បីតែមនុស្សដែលគេស្រឡាញ់បំផុតតែប៉ុណ្ណោះ ដូច្នេះប្រសិនបើគាត់មិនប្រយុទ្ធដើម្បីអ្នកពេលមានរឿងកើតឡើង នោះមានន័យថា គាត់មិនចង់ឱ្យអ្នកបន្តនៅជាមួយគាត់នោះឡើយ។
មេរៀនដែលអ្នកត្រូវចងចាំ ៖
កុំព្យាយាមតាមផ្គាប់មនុស្សប្រុសដែលគេមិនត្រូវការអ្នក។ អ្នកមិនគួរលះបង់ដើម្បីគេពេកទេ។ បើគេស្រឡាញ់អ្នក គេប្រាកដជាព្រមលះបង់ និងធ្វើគ្រប់យ៉ាងដើម្បីអ្នកហើយ មិនមែនបង្ខំឱ្យអ្នកលះបង់ និងខ្ជះខ្ជាយដើម្បីគេតែម្ខាងនោះឡើយ។
អ្នកត្រូវចាំថា ប្រសិនបើគេតែងតែព្រងើយកន្តើយ ទុកអ្នកចោល និងធ្វើឱ្យអ្នកខកចិត្ត ខូចចិត្តញឹកញាប់ដោយសារតែគេ តែងតែបង្ខំឱ្យអ្នកលះបង់ និងធ្វើអ្វីៗតាមតែគេត្រូវការនោះ មានន័យថា គេមិនបានស្រឡាញ់អ្នកពិតប្រាកដទេ គេគ្រាន់តែទុកអ្នកជាមនុស្សកំដរ ឬឧបករណ៍គេប្រើប្រាស់តែប៉ុណ្ណោះ។ ដូច្នេះ កុំព្យាយាមផ្គាប់ផ្គន់ តាមទ្រគេជ្រុល រហូតធ្វើឱ្យខ្លួនឯងអស់តម្លៃឱ្យសោះ៕
អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ