អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមលោក Louis Saha ជឿជាក់ថា Martial គឺជាខ្សែប្រយុទ្ធដ៏ឆ្នើមម្នាក់នៅក្នុងក្រុម។អតីតខ្សែប្រយុត្ធសញ្ជាតិបារាំងរូបនេះបានទទូចថា Anthony ត្រូវការការគិតគូរបន្ថែមទៀតជាមួយនឹងការស៊ុតបាល់បញ្ចូលទី ដើម្បីទទួលបានសន្ទុះឡើងជើងឡើងវិញរបស់គាត់។ Saha និយាយថាការបង្ហាញទម្រង់លេងរបស់ Martial នៅលើទីលានគឺជាហេតុផលដែលធ្វើឱ្យគាត់ត្រូវបានគេរិះគន់យ៉ាងខ្លាំង។
អតីតខ្សែប្រយុទ្ធក្រុម Man United លោក Louis Saha បានប្រាប់ Talksport នៅពេលនិយាយអំពីការធ្លាក់ទម្រង់លេងរបស់ Anthony Martial ថា៖ “ ខ្ញុំពិតជាមិនគិតថាគាត់គឺជាកីឡាករដែល Man United គួរតែបោះបង់ចោលនោះទេ ព្រោះគាត់អាចជាកីឡាករដែលបំពេញបន្ថែមនូវភាពទាក់ទាញ ខណៈដែលគាត់មានភាពប្លែកពីគេក្នុងការលេង។
“ នៅពេលដែលអ្នកមិនស៊ុតបញ្ចូលទី អ្នកចាំបាច់ត្រូវតែកែប្រែដើម្បីស៊ុតបាល់បញ្ចូលទី ហើយខ្ញុំគិតថាពេលខ្លះគាត់មិនបង្ហាញវាទេ។
“ ខ្ញុំគិតថាគាត់ជាកីឡាករកំពូលម្នាក់។ ខ្ញុំគិតថានៅពេលដែលអ្នកស្ថិតក្នុងតំណែងលេខ៩ ហើយអ្នកមិនបានស៊ុតបញ្ជូលទី វាពិតជាពិបាកណាស់សម្រាប់មនុស្សជាច្រើនពីព្រោះក្នុងតំណែងនេះអ្នកត្រូវតែស៊ុតបញ្ចូលទី។ នៅពេលដែលអ្នកមិនបានស៊ុតបញ្ជូលទី អ្នកនឹងត្រូវគេរិះគន់។ អ្នកត្រូវរឹងមាំហើយពិតជាជឿជាក់លើខ្លួនឯង។ អ្នកក៏ត្រូវមានភាពអាត្មានិយម និងប្រកាន់យកស្ទីលលេងដែលអ្នកពិតជាចូលចិត្ត"។
"នេះជាមូលហេតុដែលធ្វើឱ្យគាត់ទទួលបានការរិះគន់។ វាមិនមែននិយាយពីទេពកោសល្យ ឬបំណងប្រាថ្នារបស់គាត់ទេ ពីព្រោះខ្ញុំប្រាកដថាអ្វីក៏គាត់មានដែរ"។
Martial បានបាត់បង់តំណែងរបស់គាត់នៅក្នុងជម្រើសដំបូង១១នាក់ក្នុងក្រុម ដោយសារតែការបង្ហាញទម្រង់លេងខកចិត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ កីឡាករសញ្ជាតិបារាំងរូបនេះ មិនបានរកគ្រាប់បាល់បញ្ចូលទីចាប់តាំងពីស៊ុតពីរគ្រាប់ពេលប្រកួតទល់នឹងក្រុម Southampton ក្នុងជ័យជម្នះ ៩-០ កាលពីខែមុន ដែលធ្វើឱ្យមានការអះអាងថាគាត់មិនមែនជាខ្សែប្រយុទ្ធកណ្តាលទេ ហើយគួរតែលេងនៅស្លាបខាងឆ្វេងវិញ៕